អូសាកា ៖ ប្រភពជិតស្និទ្ធ នឹងបញ្ហានេះ បានប្រាប់ឲ្យដឹងថា កីឡាករបាល់ទាត់ឆ្នើមជនជាតិជប៉ុន លោក Junya Ito ត្រូវបានបញ្ជូន ទៅកាន់រដ្ឋអាជ្ញា កាលពីថ្ងៃអង្គារពីបទសង្ស័យថា បានបង្កឲ្យស្ត្រី ២ នាក់ រងរបួស តាមរយៈការរួមភេទដោយបង្ខំ ប៉ុន្តែការចោទប្រកាន់នោះ នៅមិនច្បាស់នីឡើយ។
ប្រភពបានបន្តថា ប៉ូលីសក៏បានបញ្ជូនស្ត្រីទាំង ២ នាក់ទៅកាន់ព្រះរាជអាជ្ញាជាមួយដែរ ដោយសង្ស័យថា បណ្តឹងព្រហ្មទណ្ឌ របស់ពួកគេប្រឆាំង នឹងខ្សែបម្រើកណ្តាល ជាមួយក្លិបបារាំង Stade de Reims ខុសពីការពិតជាក់ស្តែង ។
កាលពីខែមករា ស្ត្រីទាំងនោះបានដាក់ពាក្យ បណ្តឹងទៅប៉ូលីសថា ពួកគេត្រូវបានរំលោភផ្លូវភេទ ដោយកីឡាករបាល់ទាត់ ឆ្នើមជនជាតិជប៉ុន Ito នៅសណ្ឋាគារ Osaka ក្នុងខែមិថុនា ឆ្នាំ ២០២៣ បន្ទាប់ពីញ៉ាំអាហារជាមួយលោករួច ។
ចំណែកកីឡាករជនជាតិជប៉ុន Ito និងមេធាវី ការពារក្តី របស់លោកបានឆ្លើយតបដោយបដិសេធថា គ្មានសកម្មភាពបង្ខំ ដូចការដាក់ពាក្យបណ្តឹង ព្រហ្មទណ្ឌចោទប្រកាន់មកលើរូបលោក និងកូនក្តីថា ពួកគេកំពុងធ្វើការចោទប្រកាន់មិនពិតឡើយ។
មេធាវីរបស់លោកបានប្រាប់សន្និសីទ សារព័ត៌មាន កាលពីថ្ងៃអង្គារនៅទីក្រុងតូក្យូថា កូនក្តីចង់ត្រឡប់ទៅក្រុមជម្រើសជាតិ ជប៉ុនឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ហើយសង្ឃឹមថា ការស៊ើបអង្កេតនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
លោក Ito បានលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិ ជប៉ុននៅ FIFA World Cup 2022 ។ កាលពីខែកុម្ភៈ លោកបានដកខ្លួនចេញ ពីក្រុមជម្រើសជាតិអំឡុង ពេលប្រកួត Asian Cup នៅពេលដែលការចោទ ប្រកាន់ត្រូវបានគេផ្សព្វផ្សាយជាសាធារណៈនោះ ៕
ដោយ៖លី ភីលីព