កីឡា

លោក ស សុទ្ធិ បានកោតសរសើរគ្រូបង្វឹក និងក្រុមកីឡាករ ទូកនាគដែលឈ្នះមេដាយមាស លើឆាកអន្តរជាតិជូនកម្ពុជា

ភ្នំពេញ ៖ លោក ស សិទ្ធិ ជាអនុប្រធានទី២ សហព័ន្ធទូកបានសម្តែងនូវក្តីរីករាយ និងកោតសរសើរដល់ក្រុមកីឡាទូកនាគ រួមជាមួយគ្រូបង្វឹកដែលបាន ទទួលបានភាពជោគជ័យលើឆាកអន្តរជាតិ និង មានការវិវឌ្ឍន៍សមត្ថភាព បានយ៉ាងល្អប្រសើរ បើទោះជាទទួលជ័យជម្នះ ហើយបានផ្តាំផ្ញើ ឲ្យក្រុមកីឡាទូកនាគ កុំមោទនភាពភ្លេចខ្លួន ព្រោះកីឡាមានចាញ់ ហើយ និងឈ្នះ ដូច្នេះត្រូវបង្កើនការហ្វឹកហាត់ ឲ្យបានកាន់ខ្លាំង ។

លោកអនុប្រធានទី២ បានសង្កត់ធ្ងន់ថា កីឡាទូកនាគជាប្រភេទកីឡាជាក្រុម និង មានសមាជិកច្រើន នៅពេលចាប់ផ្តើមប្រកួត ប្រសិនបើមានកីឡាកីឡាករ ណាម្នាក់ធ្លាក់ដៃតែបន្តិច ធ្វើឲ្យការអុំមិនស្រុះគ្នា អាចនឹងបរាជ័យតែម្តង។ ដូចនេះកីឡាករគ្រប់រូបត្រូវមានសាមគ្គីភាពជាក្រុម ត្រូវស្រឡាញ់គ្នា អត់អាចអ្នកណាមួយមាន ចិត្តអគិតិច្រណែន ឬអន់ចិត្តនោះទេ កីឡានេះទាមទាឲ្យយើងស្រឡាញ់គ្នាណាស់ កុំយកអារម្មណ៍ខ្លួនឯង មានបញ្ហាជាមួយមិត្តរួមក្រុម ធ្វើឲ្យបាត់បង់ ព្រោះស្មារតីជាក្រុម ជាកត្តាស្លាប់រស់ ។

ម្យ៉ាងវិញទៀត លោកគ្រូជាចំណែកមួយយ៉ាងសំខាន់ដែលធ្វើឲ្យក្រុមទាំងមូលទទួលបានជ័យជម្នះ ធម្មតាដើម្បីឲ្យក្រុមជោគជ័យ និងការហ្វឹកហាត់បានល្អ គ្រូតែងតែស្តីបន្ទោសតិចតួចជារឿងធម្មតា កីឡាករមិនត្រូវមានចិត្តគុំគួន ឬ ខ្លាចនោះទេ ប៉ុន្តែត្រូវមានការគោរពលោកគ្រូ ។

កម្ពុជាបានបញ្ចូនកីឡាករចំនួន១៥នាក់ ចូលរួមក្នុងព្រឹត្តិការណ៍ទូកនាគអន្តរជាតិ នៅប្រទេសរុស្ស៊ី ដោយមាន៩ប្រទេសចូលរួម ក្នុងនោះ ម្ចាស់ផ្ទះ រុស្ស៊ី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌា អ៊ូសបេគីស្ថាន វៀតណាម និង ម៉ាឡេស៊ី ។ ការប្រកួតនេះគឺបាន ដំណើរការពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងនោះកម្ពុជាចូលរួមលើ៣វិញ្ញាសាទូកនាគបុរសចំណុះ១២នាក់ វិញ្ញាសា ២០០ម៉ែត្រ ៥០០ម៉ែត្រ និង២០០០ម៉ែត្រ ក្នុងចំណោម៣វិញ្ញសានេះ កម្ពុជាដណ្តើមបានមេដាយសរុប៣គ្រឿង មេដាយមាស១គ្រឿង និងសំរឹទ្ធ២គ្រឿង៕
ដោយ៖លី ភីលីព

Most Popular

To Top