ភ្នំពេញ ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ នៃសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា និងជាប្រធានប្រតិភូ បានមានប្រសាសន៍ថា លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នឹងអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នៅថ្ងៃទី ១០ ខែកក្កដា នៅពហុ កីឡដ្ឋានជាតិមរតកតេជោ ទីលានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតអន្តរជាតិ លំដាប់ពិភពលោកនេះ ។
លោកអគ្គលេខាធិការបានបន្តថា វត្តមានលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី បង្ហាញពីសកម្មភាព ស្មារតីកីឡា និងការលើទឹកចិត្ត ដល់ក្រុមកីឡាករវាយកូនបាល់កម្ពុជា និងបង្ហាញពីការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូកម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និងអារ៉ាប់រួមៗប្រទេសទាំង ៨ ដែលបានមកដល់ប្រទេសកម្ពុជា ។
សហព័ន្ធកីឡាវាយកូនបាល់កម្ពុជានៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ បានធ្វើសន្និសីទកាសែតព្រឹត្តិការណ៍កីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV 2024 ចាប់ផ្តើមការប្រកួតជាផ្លូវការដោយមានការអញ្ជើញពីសំណាក់លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និងអ្នកតំណាងក្រុមហ៊ុនជាដៃគូផ្សេងៗទៀត។
បញ្ជាក់ថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV 2024 នេះ មានប្រទេសចំនួន ៨ ចូលរួម កម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និងអារ៉ាប់រួមៗ ហើយប្រទេសទាំង ៨ ត្រូវបែងចែកជា ២ ពូល គឺពូល A និងពូល B តាមទម្រង់ជុំវិលជុំជាមួយនឹងការ ប្រកួតវាយឯកត្តជនចំនួនពីរ ប្រកួត និងការប្រកួតវាយគូ ១ប្រកួត ។
ប្រទេសជាប់ចំណាត់ថ្នាក់កំពូលនៃពូលនីមួយៗនឹងត្រូវបានឡើងទៅលេងក្នុងក្រុមទី៣នៅឆ្នាំ ២០២៥។ ប្រតិភូតំណាងឲ្យកម្ពុជារួមមានប្រធានដឹកនាំក្រុមគឺ លោក ទេព រិទ្ធីវិទ្ធ គ្រូបង្វឹកជម្រើសជាតិ លោក Braen Aneiros កីឡាករ Bun Kenny កីឡាករ Tep Timothy កីឡាករ Leng Sarinreach កីឡាករ Mathew Crusling និងកីឡាករ Khleang Ponlok៕
លោក ងន សាំង អគ្គនាយក នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ក៏បានប្រសាសន៍ថា ក្រុមហ៊ុនលោកជួបគ្រប់វិស័យ ទំាងអស់ក្នុងប្រទេសកម្ពុជា ដូចជាវិស័យអប់រំ បរិស្ថាន សិល្យៈ និងកីឡា។ ក្រុមហ៊ុនធ្លាប់ចូលរួមជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ចំពោះព្រឹត្តិការណ៍កីឡាវាយកូនបាល់ Davis Cup Asia/Oceania Group IV 2024 នៅតែជួបឧបត្ថម្ភរហូតសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ៕
ដោយ៖លី ភីលីព