ភ្នំពេញ ៖ លោក ម៉ារ វង្សវិបុល ជាគ្រូបង្វឹកយូដូជម្រើជាតិកម្ពុជា បានឲ្យដឹងថា ការឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យ អាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី នេះបានអាចបង្ហាញ ពីភាពរីកចម្រើនមួយ សម្រាប់វិស័យយូដូកម្ពុជា ក៏ជាជាការខិតខំប្រែងប្រឹង និងការតស៊ូរបស់កីឡាការិនីយូដូ កែវ វ៉ាន់ឌឿន ខ្លួនឯងដែលខំហ្វឹកហាត់ យ៉ាងសកម្មរាល់ថ្ងៃ ។
លោកបានបន្តថា ងាកទៅកីឡាការិនីឥណ្ឌូណេស៊ី ដែលកម្ពុជាធ្លាប់ចាញ់លោកយល់ថា ចំណុចខ្វះខាតទាក់ទងនឹងល្បឿន ដូច្នេះយើងត្រូវហាត់ បន្ថែម ល្បឿនឲ្យលឿនជាងនេះ ក្នុងនោះក៏មានផ្នែកកម្លាំងខ្លះៗដែរ។ បើសិនជាអាចពង្រឹងបន្ថែម ២ ចំណុចនេះ ការប្រកួតកីឡា SEA GAME នៅប្រទេសថៃឆ្នាំក្រោយ កម្ពុជានឹងសំឡឹងទៅរកមេដាយមាសជាក់ជាមិនខានទេ។ សម្រាប់ការចាញ់លឿននេះទៀតសោតលោកមើលឃើញថា មិនចាញ់ខ្លាំងពេក រហូតដល់ថ្នាក់មិនអាចកែខៃបានទេ។
កីឡាការិនី កែវ វ៉ាន់ឌឿន ម្ចាស់មេដាយប្រាក់ពីព្រឹត្តិការណ៍ខាងលើបានសម្ដែងអារម្មណ៍សប្បាយរីករាយ និងបានប្រាប់ឲ្យដឹងពីចំណុចខ្វះខាតថា ចំណុចខ្វះខាតដែលនាំឲ្យខ្ញុំមិនអាចយកបានមេដាយមាសហ្នឹង គឺខ្ញុំចាញ់លឿនកីឡាការិនីឥណ្ឌូណេស៊ី ហើយបើទៅ SEA GAME ក៏ខ្ញុំមិនហ៊ានរំពឹងថា អាចលើសហ្នឹងដែរ ។ បើសិនចង់ឲ្យល្អលើសហ្នឹងខ្ញុំគិតថា ក៏យើងត្រូវការពេលរាងច្រើនដែរដើម្បីហាត់កែខៃវាឲ្យបានល្អជាងនេះ។
កីឡាការិនីដដែលបន្ថែមថា បើនិយាយពីការប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្ញុំភ័យខ្លាំងណាស់បង ពេលដឹងថា ប៉ះកីឡាការិនីម៉ាឡេស៊ី ដែលខ្ញុំធ្លាប់ចាញ់លោកកាល SEA GAME ។ ខ្ញុំភ័យមែនបងតែខ្ញុំមិនភ័យដល់បាត់បង់ សមត្ថភាពដែលធ្លាប់ហាត់ទេ ហើយខ្ញុំតាំងចិត្តខ្ពស់ណាស់ ក្នុងការប្រកួតហ្នឹង ដល់ពេលប្រកួតខ្ញុំ ក៏បានព្យាយាម ធ្វើវាហើយអាចធ្វើបានមែនរហូតដល់ខ្ញុំអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រ។ ខ្ញុំពិតជាសប្បាយចិត្តពេលយក ឈ្នះដែលខ្ញុំធ្លាប់ចាញ់កាល SEA GAME ហើយឡើងទៅផ្ដាច់ព្រ័ត្រ ៕
ដោយ៖លី ភីលីព