ក្រុមជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួប អេក្វាឌ័រ នៅថ្ងៃ៥ ខែកក្កដា ឆ្នាំ២០២៤ ស្អែកនេះ សម្រាប់ការប្រកួតវគ្គ៨ ក្រុមចុងក្រោយពានរង្វាន់ Copa America ខណៈ Lionel Messi ក៏បានវិលត្រឡប់មកចូលទីលានហ្វឹកហាត់វិញហើយ បន្ទាប់ពីមានបញ្ហាក្រលៀន។
គេដឹងថា ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Lionel Messi ពិតជាចង់បង្ហាញខ្លួនណាស់ ក្នុងករប្រកួតពានរង្វាន់ដ៏ធំ ប្រចាំតំបន់មួយនេះ ព្រោះតែខ្លួនគេផ្ទាល់ដឹងថា វាជាពានរង្វាន់ប្រចាំតំបន់ ចុងក្រោយសម្រាប់គេ ។ ក្នុងការប្រកួតពានរង្វាន់នេះ Messi មិនទាន់រកបានគ្រាប់បាល់ដំបូងរបស់ខ្លួនទេ ប៉ុន្តែគេបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុម រកគ្រាប់បាល់បានសម្រេចផងដែរ ។ ក្នុងការប្រកួតដំបូងពេលប៉ះ កាណាដា គេស្ទើរតែរកបានគ្រាប់បាល់ដែរ ពេលនោះមានឱកាសល្អមែនទែន ប៉ុន្តែបែរជាខកខានឱកាស ។
ចូលដល់ប្រកួតក្រោយពេលឈ្នះ១-០ លើ ឈីលី ក៏នៅតែមិនទាន់រកគ្រាប់បាល់បាន ប៉ុន្តែពេលនោះ Messi មិនមានរបួសអ្វីទេ ហើយចូលលេងពេញ៩០នាទី។ ចូលដល់ប្រកួតទី៣ Messi មិនបានលេងទេ ហើយគេអង្គុយកៅអីបំរុងពេញ ៩០នាទី ដ្បិតអីពេលនោះអាហ្សង់ទីនបានឡើងទៅកាន់វគ្គ៨ក្រុមទៅហើយ ប៉ុន្តែគេដឹងថាខ្សែប្រយុទ្ធម្នាក់នេះក៏កំពុងតែមានបញ្ហារបួសក្រលៀនផងដែរ។
យ៉ាងណាក្នុងការហ្វឹកហាត់គេឃើញ Messi ចូលហាត់ធម្មតា ហើយក្រុមជម្រើសជាតិរបស់គេក៏បានប្រកាសថា Messi នឹងចូលលេងធម្មតា។ ចំណុចមួយដែលគេសង្ស័យនោះគឺមានរបួសបែបនេះតើអាចលេងបានល្អដែរទេ?
គេដឹងថា អេក្វាឌ័រ មិនមែនជាក្រុមខ្សោយទេហើយ អាហ្សង់ទីនក៏អាចនឹងធ្លាក់បានផងដែរប្រសិនបើប្រហែសនោះ ព្រោះគេដឹងថា អាហ្សង់ទីន ឈ្នះតែ១-០ ប៉ុណ្ណោះកាលប៉ះគ្នាក្នុងជំនួបមិត្តភាពកាលពីពេលថ្មីៗនេះ ដែលលទ្ធផលដ៏តានតឹងនេះបង្ហាញថាកម្រិតនៃក្រុមទាំងពីរមិនខុសគ្នាខ្លាំង ៕