ភ្នំពេញ ៖ កីឡាករតេក្វាន់ដូ WT កម្ពុជា វ៉ា មិថុនា ដណ្តើម បានមេដាយបា្រក់ ១ គ្រឿងលើប្រភេទទម្ងន់ក្រោម ៨០ គីឡូក្រាម បន្ទាប់ពីចាញ់កីឡាករ តេក្វាន់ដូ WT ម្ចាស់ផ្ទះឥណ្ឌូណេស៊ីក្នុង ព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ។

កាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា អញ្ជើញជាកក្តិយសបំពាក់មេដាយជូន កីឡាករវ៉ា មិថុនា នៅសាលកីឡាតេក្វាន់ដូក្នុងមហាវិទ្យាល័យ Brawijaya ក្រុងMalang ប្រទេសឥណ្ឌូនេស៊ី ។

លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងពីប្រទេសឥណ្ឌូណេស៊ីថា កីឡាករតេក្វាន់ដូ WT កម្ពុជា វ៉ា មិថុនា បានចាញ់កីឡាករតេក្វាន់ដូ WT ម្ចាស់ផ្ទះឥណ្ឌូណេស៊ី Khairudin Osanando Naufa នៅវគ្គផ្តាច់ព្រ័ត្រ ខណៈកីឡាករតេក្វាន់ដូ WT ម្ចាស់ផ្ទះឈ្នះមេដាយមាស ចំណែកកីឡាករតេក្វាន់ដូ WT ថៃ Mathis Victor ទទួលបានមេដាយសំរិទ្ធុ។

លោក ឆយ យ៉ុងសុក បានបន្តថា នេះជាមេដាយប្រាក់ទី២ របស់ប្រភេទកីឡាតេក្វាន់ដូ WT ហើយ បន្ទាប់ពីកីឡាការិនីតេក្វាន់ដូ WT កម្ពុជា ឈឿង អាលីហ្សា ឈ្នះមេដាយប្រាក់១ គ្រឿង មុនកីឡាករតេក្វាន់ដូ WT កម្ពុជា វ៉ា មិថុនា។
ប្រភេទកីឡាតេក្វាន់ដូ WT ៖ គ្រូបង្វឹក ១រូប អាជ្ញាកណ្តាល ITOs ០១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប សរុបចំនួន ០៦រូប លើវិញ្ញាសា នារីប្រយុទ្ធ ៤៩ គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន។

ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន មានគោលបំណងលើកកម្ពស់សាមគ្គីភាព និស្សិតសាកលវិទ្យាល័យអាស៊ាន តាមរយៈការលេងកីឡា។ ផ្តល់ឱកាសដល់កីឡាករ កីឡាការិនី ដែលជានិស្សិតកំពុងសិក្សាដើម្បីកំណត់ជំនាញ ទេពកោសល្យផ្នែកកីឡារបស់ពួកគេនៅក្នុងតំបន់អាស៊ាន និងផ្តល់ឱកាសដល់កីឡាករ កីឡាការិនី និស្សិតសាកលវិទ្យាល័យដើម្បីធ្វើអន្តរកម្ម និងចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ប្រពៃណីប្រទេសក្នុងអាស៊ាន។

ប្រទេសកម្ពុជាបានបញ្ជូន ប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡាទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី ៕
ដោយ៖លី ភីលីព


