ភ្នំពេញ ៖ កីឡាការិនីតេក្វាន់ដូ WT កម្ពុជា គ្រី លីដែន ដណ្តើមបានមេដាយបា្រក់ ១ គ្រឿងទៀត ហើយជូនប្រទេសកម្ពុជា លើប្រភេទទម្ងន់ក្រោម ៤៩ គីឡូក្រាម បន្ទាប់ពីចាញ់កីឡាការិនីតេក្វាន់ដូ WT ថៃនៅផ្តាច់ព្រ័ត្រ នៃព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ។

លោក ឆយ យ៉ុងសុក ជាគ្រូបង្វឹកជនជាតិ កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងពីប្រទេសឥណ្ឌូណេស៊ីថា កីឡាការិនី គ្រី លីដែន បានយកជ័យជម្នះលើជើងខ្លាំង ម៉ាឡេស៊ីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ចាញ់កីឡាការិនីប្រទេសថៃនៅ វគ្គផ្ដាច់ព្រ័ត្រ ដូច្នេះបានត្រឹមមេដាយប្រាក់ និងកីឡាការិនីថៃ ដណ្ដើមបានមេដាយមាស ក្នុងវិញ្ញាសាប្រយុទ្ធនារី ៤៩គីឡូនាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ ។

ប្រភេទកីឡាតេក្វាន់ដូ WT ៖ គ្រូបង្វឹក ១រូប អាជ្ញាកណ្តាល ITOs ០១រូប កីឡាករ ២រូប និងកីឡាការិនី ២រូប សរុបចំនួន ០៦រូប លើវិញ្ញាសា នារីប្រយុទ្ធ ៤៩ គីឡូក្រោម និងប្រយុទ្ធ ៥៧គីឡូក្រោម និងបុរសប្រយុទ្ធ ៨០ គីឡូក្រោម និងមេគុនឯកត្តជន។

ក្នុងឱកាសប្រគល់មេដាយជូនក្រុមកីឡាការិនីដោយមានការអញ្ជើញពីសំណាក់លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកីឡាកម្ពុជា អញ្ជើញជាកក្តិយសឡើងបំពាក់មេដាយជូនកីឡាការិនី គ្រី លីដែន នៅសាលកីឡាតេក្វាន់ដូ ក្នុងមហាវិទ្យាល័យ Brawijaya ក្រុងMalang ប្រទេសឥណ្ឌូនេស៊ី។

ប្រទេសកម្ពុជាបានបញ្ជូនប្រតិភូ សហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡាទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី៕
ដោយ៖លី ភីលីព
