ភ្នំពេញ ៖ លោក កែ ប៊ុនខៀង ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ នៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ បានអញ្ជើញទទួលស្វាគមន៍ ដល់ក្រុមតិភូ និងក្រុមអត្តពលិកកម្ពុជាចំនួន ៣ ប្រភេទកីឡា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ។
ការត្រឡប់សម្រាប់ក្រុមកីឡាប្រទេសកម្ពុជា ក្រោមការដឹកនាំ របស់លោក លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូ កីឡាកម្ពុជា លោក បឹង គីមតោ ប្រធាននាយកដ្ឋានកីឡាសិស្សនិស្សិត ក្រុមកីឡាករការ៉ាតេ និងកីឡាអត្តពលកម្ម ។
លោក កែ ប៊ុនខៀង បានមានប្រសាសន៍ថា លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃព្រឹត្តិការណ៍ ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២១ (21st ASEAN University Games) នៅឥណ្ឌូណេស៊ី ដែលជាខិតខំប្រឹងប្រែងរបស់លោកគ្រូអ្នកគ្រូ និងក្រុមកីឡាករ-កីឡាការិនីទាំង ៦ ប្រភេទកីឡារួមមានកីឡាតេក្វាន់ដូ WT កីឡាការ៉ាតេ កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប៉េតង់ និងកីឡាយូដូ។
ការប្រកួតខាងលើនេះ កម្ពុជាយើងទទួលបានមេដាយសរុប ៩គ្រឿង មាស១ ប្រាក់៥ និងសំរិទ្ធឹ ៣ ក្នុងនោះប្រភេទកីឡាប៉េតង់ទទួលបានមេដាយ មាស១គ្រឿង ប្រាក់១គ្រឿង និងសំរឹទ្ធ២គ្រឿង គ្រឿងប្រភេទកីឡាយូដូ ទទួលបានមេដាយប្រាក់១គ្រឿង ប្រភេទកីឡាតេក្វាន់ដូ WT ទទួលបានមេដាយ ប្រាក់៣គ្រឿង និងប្រភេទកីឡាការ៉ាតេ ទទួលបាន មេដាយសំរិទ្ធឹ១គ្រឿង។
លោក កែ ប៊ុនខៀង បានបន្តថា ក្រុមកីឡាករ-កីឡាការិនីយើងទំាងអស់ត្រូវតែខិតខំពង្រឹងសមត្ថភាពបន្ថែមទៀត ដូចជាការហ្វឹកហាត់ ដកស្រង់បទសោធន៍ ក្នុងការប្រកួតនានា ដើម្បីយកកែលម្អក្នុងការពង្រីកពង្រឹងគុណភាពទំាងកម្លាំង និងបច្ចេកទេសជួយឲ្យ ការប្រកួតយើងកាន់ខ្លាំង ជាងមុនទៅទៀត ។
បញ្ជាក់ថា ប្រទេសកម្ពុជា បានបញ្ជូនប្រតិភូសហព័ន្ធកីឡាសិស្សនិស្សិតកម្ពុជាចំនួន ៤៥រូប ព្រមទាំងកីឡាករ-កីឡាការិនី ចំនួន ៦ ប្រភេទកីឡា ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (21st ASEAN University Games) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី។
ដោយ៖លី ភីលីព