កីឡា

លោក សេង ធារិន៖ ការប្រកួតលើកនេះជាវាស់ស្ទង់ពីកម្រិតបច្ចេកទេសក្រុមអត្តពលិក ត្រៀម SEA GAME 2025 និងព្រឹត្តិការណ៍ធំ ២ ទៀត

ភ្នំពេញ៖ លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ បានជួបសំណេះសំណាល់ និងជូនដំណើរគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ ក្រុមកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ចំនួន ២២ នាក់ដែលចេញដំណើរចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាករបញ្ចស៊ីឡាត់អន្តរជាតិឆ្នាំ២០២៤ “” នៅទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១២ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤។

លោក សេង ធារិន បានមានប្រសាសន៍ថា ថ្ងៃនេះសហព័ន្ធបានបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី២២នាក់ ក្នុងនោះក្រុមអត្តពលិកមានចំនួន ១៥ សុទ្ធសឹងជាកីឡាករ-កីឡាការនីជាប់ជម្រើសជាតិទៅចូលរួមប្រកួតកីឡាការបញ្ចស៊ីឡាត់ អន្តរជាតិឆ្នាំ២០២៤ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី ។ ការប្រកួតនមានកីឡាករ-កីឡាការនី មកពី៧ប្រទេសដូចជា ប្រទេសឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋអាមេរិក សឹង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និងប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

ការប្រកួតខាងលើនេះគឺជាឪកាសលោកចង់ឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹករបស់លោកទទួលបានបទពិសោធន៍ បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យ ក្នុងការចូលរួមប្រកួត Asian Martial Arts and Indoor Games លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ខាងមុខនេះ និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោកនៅ United Arab Emirate ក្នុងថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺលោកប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតSEA GAME 2025 លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ។

លោកប្រធានបានបន្តថា បើទោះបីជាសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជានេះទើបបង្កើតថ្មីមែន តែថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ហ្វឹកហាត់ថ្មីក៏ពិតមែន តែយើងមាន មូលដ្ឋានគ្រឹះសំខន់យ៉ាងរឹងមាំ ពីក្បាច់គុនល្បុក្កតោ ដែលជាក្បាច់គុនអត្តសញ្ញាណជាតិយើង និងក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ។

ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា ក្នុងការអភិវឌ្ឍន៍ វិស័យកីឡា ដើម្បីបង្ហាញពីសក្តានុពល របស់កីឡាករ កីឡាការិនីកម្ពុជា ទាំងថ្នាក់ជាតិ និងអន្តរជាតិ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្នុងដើមអាណត្តិទី០១ឆ្នាំ២០២៤នេះ មានបាននឹងកំពុងធ្វើកិច្ច ការងារសំខាន់ៗចំនួន៣ គឺបណ្តុះបណ្តាលគ្រូបង្វឹក កីឡាបញ្ចស៊ីឡាត់កម្រិតអន្តរជាតិ និងបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ព្រមទាំងការបញ្ជូនកីឡាករ កីឡាការិនីទៅចូលរួមប្រកួតកម្រិតអន្តរជាតិ នៅក្រៅប្រទេស។
លោក សេង ធារិន បានបញ្ជាក់ថា កីឡាបញ្ចស៊ីឡាត់នេះគឺបានបង្កើតឡើងនៅដើមឆ្នាំ២០២៤នេះ ក្រោយពីយើង ទទួលបានមេដាយមាស និងប្រាក់ ចំនួន៦គ្រឿង ពីការប្រកួតស៊ី SEA GAME លើកទី៣២ ដែលកម្ពុជាម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ កន្លងមកនេះ និងបន្តពង្រីកសក្តានុពល កាន់តែល្អប្រសើរបន្ថែមទៀត។ដូចនេះក្រុមការងារលោកអាចមានសមត្ថភាពលទ្ធភាព និងសិទ្ធិក្នុងការដឹកនាំកីឡាករ- កីឡាការិនី ក្នុងព្រឹត្តិការណ៍ការប្រកួតកម្រិតអន្តរជាតិ និងមន្ត្រីបច្ចេកទេស របស់អាចមានលទ្ធភាព ក្នុងរៀបចំការប្រកួតជើងឯកថ្នាក់ជាតិបានដោយខ្លួនឯង និងមន្ត្រីអាជ្ញាកណ្តាល ចៅក្រមរបស់យើងទៅថ្ងៃអនាគត់ និងមានសមត្ថភាពក្នុងការ ចូលរួមកាត់សេចក្តីក្នុងការ ប្រកួតអន្តរជាតិ នានាបានដូចប្រទេសផ្សេងៗ។

សម្រាប់កីឡាករ-កីឡាការិនី របស់យើង បើទោះបីហ្វឹកហាត់មានសមត្ថភាពបានដល់កម្រិត បច្ចេកទេសខ្ពស់យ៉ាងណាក្តី តែពួកគាត់អ្វីដែលខ្វះខាត គឺ បទពិសោធន៍ដូចនេះហើយ ក្នុងនាមខ្ញុំ ជាប្រធានសហព័ន្ធ ជំនួសមុខឲ្យគណៈកម្មាធិការប្រត្តិបត្តិសហព័ន្ធ បានគិតគូរត្រង់ចំនុចនេះ ជាអតិភាព៕ ដោយ៖លី ភីលីព

Most Popular

To Top