ខ្សែប្រយុទ្ធ របស់ជម្រើសជាតិ អង់គ្លេស Ollie Watkins បានសម្ដែងការអបអរជាខ្លាំង បន្ទាប់ពីគេរកបានគ្រាប់បាល់ចុងម៉ោង ដើម្បីជួយអង់គ្លេសឲ្យឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ក្រុមខ្លាំង ហុល្លង់ ២-១ កាលពីម៉ោង២យប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ EURO 2024 ដែលកំពុងធ្វើឡើងនៅប្រទេសអាល្លឺម៉ង់ ។
មួយគ្រាប់នៅនាទីទី៩០+១ ក្នុងការបន្ថែមម៉ោងត្រឹមតែ២នាទី វាគ្រប់គ្រាន់ឲ្យអង់គ្លេសឡើង ទៅដោយស្រួល ដើម្បីជួបអេស្ប៉ាញ នៅវគ្គផ្ដាច់ព្រ័ត្រ។ យ៉ាងណាក្រោយពេលប្រកួតចប់ភ្លាម ហើយមួយគ្រាប់របស់ Ollie Watkins បានធ្វើឲ្យគេមានការរំភើបជាខ្លាំង និងបាននិយាយពីពាក្យក្នុងចិត្តថា «ខ្ញុំមិនដែលធ្លាប់ស្រមៃថា បានលេងឲ្យជម្រើសជាតិអង់គ្លេសទេ ។ កាលពី៩ឆ្នាំមុន ខ្ញុំលេងឲ្យក្រុមមួយដែលគេមិនស្គាល់ បើនិយាយពីកម្រិតលីគគឺមិនត្រូវបានគេរាប់បញ្ចូលផង»។
កីឡាករដដែលបានបន្ថែមថា «បើនិយាយដោយស្មោះត្រង់ ខ្ញុំមិនធ្លាប់ស្រមៃបែបនេះទេ ។ ខ្ញុំមិនអាចកុហកខ្លួនឯង និងអ្នកទាំងអស់គ្នាបានទេ ការរកគ្រាប់បាល់ឲ្យអង់គ្លេស គឺជារឿងមួយដ៏អស្ចារ្យសម្រាប់ខ្ញុំ ហើយពិសេសនោះក្នុងព្រឹត្តិការណ៍ដ៏ធំបែបនេះទៀត បើគិតទៅវាពិតជាពិសេសសម្រាប់ខ្ញុំខ្លាំងមែនទែន»។
Ollie Watkins បានប្ដូរចូលលេងទល់ហុល្លង់នាទី៨១ ជំនួស Harry Kane ហើយនេះជាការប្ដូរចូលលើកទី២ គិតចាប់ពីព្រឹត្តិការណ៍ EURO 2024 ចាប់ផ្ដើម ហើយក៏ជាគ្រាប់បាល់ដំបូង របស់គេឲ្យក្រុមជម្រើសជាតិអង់គ្លេស ក្នុងព្រឹត្តិការណ៍ដែលកំពុងធ្វើឡើង នៅប្រទេសអាល្លឺម៉ង់មួយនេះដែរ៕