កីឡា

ក្រុមតោកំណាច​ អង់គ្លេស នឹងធ្វើការធ្ងន់ ពេលជួបក្រុមអេស្ប៉ាញ ជើងខ្លាំងម្ចាស់ពាន៣សម័យ នៅយប់រំលងអាធ្រាត ថ្ងៃអាទិត្យនេះ

AFP

បរទេស ៖ ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ Euro 2024 ត្រូវបានកំណត់ ហើយក្រុមប្រទេសអេស្ប៉ាញ គឺជាក្រុមដែលគេរំពឹងថា នឹងឈ្នះនៅក្នុងជំនួបជា មួយអង់គ្លេសនៅថ្ងៃអាទិត្យនេះ ។ កីឡាករអេស្បាញបានក្លាយជាក្រុម ដែលរំពឹងឈ្នះ បន្ទាប់ពីបានយកឈ្នះ អាល្លឺម៉ង់ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ ហើយនៅតែជាក្រុម ដែលរំពឹងឈ្នះពានដដែល បន្ទាប់ពីយកឈ្នះបារាំង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

យោងតាមគេហទំព័រ New York Times ចេញផ្សាយ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អង់គ្លេសជាក្រុម ដែលគេពេញចិត្តពេលវគ្គជម្រុះ ចាប់ផ្តើម។ ក្រុមតោកំណាចអង់គ្លេស មានផ្លូវលំបាកតិច ជាងមុនទៅវគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែអង់គ្លេស ធ្វើបានក្រោយពីផ្តួលក្រុមហូឡង់ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃពុធ ។

នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងការប្រកួត បាល់ទាត់ Euro 2024នេះដែរ New York Times ផ្សាយថា អេស្ប៉ាញនឹងក្លាយជាប្រទេស ដែលមានជើងឯកទ្វីបអឺរ៉ុប ច្រើនជាងគេ។ អេស្ប៉ាញ និងអាល្លឺម៉ង់ ទាំងពីរបានឈ្នះជើងឯកបីដងដូចគ្នា។ ការឈ្នះលើកមុនៗរបស់អេស្ប៉ាញកើតមានក្នុងឆ្នាំ ១៩៦៤ (ជាម្ចាស់ផ្ទះ) ឆ្នាំ ២០០៨ និង នៅឆ្នាំ២០១២ ។

ចំណែកក្រុមអង់គ្លេស គឺមិនដែលឈ្នះពាននៅ Euros នោះទេ ប៉ុន្តែអង់គ្លេស លើកនេះគឺកំពុងតែបង្ហាញខ្លួនជាលើកទីពីរជាប់គ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ។ កាលពីបីឆ្នាំមុន អង់គ្លេសបានចាញ់អ៊ីតាលីដោយបាល់ប៉េណាល់ទី នៅកីឡដ្ឋាន Wembley ក្នុងទីក្រុងឡុងដ៍។

អេស្ប៉ាញបានឆ្លងផុតវគ្គ ចែកពូលជាមួយនឹងជ័យជំនះបីលើក ដែលជាក្រុមតែមួយគត់ ក្នុងការប្រកួតនេះ ។ ការឈ្នះក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយអាល្លឺម៉ង់ ត្រូវការម៉ោងបន្ថែម ប៉ុន្តែអេស្ប៉ាញ យកឈ្នះហ្សកហ្ស៊ី និងបារាំង មានភាពជឿជាក់ជាងមុន។ នៅក្នុងការប្រកួតឆ្នាំនេះ អេស្បាញគឺជាក្រុមមួយ ក្នុងចំណោមក្រុមដែលគួរឱ្យចាប់អារម្មណ៍បំផុត ក្នុងការទស្សនា ហើយវាងាយស្រួលក្នុងការជជែកវែកញែកថា អេស្បាញមើលទៅដូចជាក្រុមល្អបំផុត តាំងពីដើមប្រកួតមក ៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top