កីឡា

EURO 2024 ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ​ទៅ​ហើយ​ ចុះ​បើ​សិន​ឈ្នះ​ជើង​ឯក ​តើ​បាន​ប្រាក់​រង្វាន់​ប៉ុន្មាន​ទៅ​?

​​​ព្រឹត្តិការណ៍​ EURO 2024 កំពុង​ដំណើរ​ការ​ និង​ឈាន​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​ទៅ​ហើយ ដោយ​​ក្រុម​បាល់ទាត់​​ជម្រើស​ជាតិ​​អង់គ្លេស នឹង​ប៉ះ​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​​នា​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤ នៅ​ទីក្រុង​ ​Berlin ​ប្រទេស​អាល្លឺម៉ង់​ ។

​ការ​ប្រកួត​បាន​ចាប់​ផ្ដើម​ចាប់​ពី​ថ្ងៃ​ទី​​១៤ ខែ​មិថុនា ​ឆ្នាំ​២០២៤ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៤​ បើ​គិត​ទៅ​មាន​រយៈ​ពេល​១​ខែ​ពេញ ហើយ​ក្នុង​នោះ​មាន​ចំនួន ៥១​ប្រកួត​​​​​ក្នុង​វគ្គ​ជម្រុះ​តាម​ពូល និង​មាន​ចំនួន​​១៥​ប្រកួត​សម្រាប់​វគ្គ​ចាញ់​​ធ្លាក់​ ។

ព្រឹត្តិការណ៍​ EURO បាន​​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​១៩៦០ ហើយ​​បើ​គិត​ទៅ​មាន​ចំនួន ៦៤​ឆ្នាំ​ហើយ ខណៈ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​បាន​ចូលរួម​លេង​ពាន​នេះ​ដំបូង​បង្អោះ​នៅ​ឆ្នាំ​១៩៦៨ ​មក​ទល់​ពេល​នេះ​មិន​ទាន់​ស្គាល់​ជាតិ​​ឈ្នះ​ពាន​នេះ​ម្ដង​ណា​ឡើយ។ ដោយ​ឡែក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អេស្ប៉ាញ​វិញ​​ពួក​គេ​​ធ្លាប់​ឈ្នះ​បាន​ចំនួន​៣​​ដង​រួច​មក​ហើយ។

បើ​និយាយ​ពី​ប្រាក់​រង្វាន់​វិញ​គណៈកម្មាធិការប្រតិបត្តិ​របស់​ UEFA បាន​បញ្ចេញ​កាល​ពី​ខែ​ធ្នូ​ឆ្នាំ២០២៣ និង​ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់​ដោយ​​​គិត​ស្មើ​ហ្នឹង​ប្រាក់​រង្វាន់​កាល​ឆ្នាំ​២០២០​តែ​ម្ដង​​​​គឺ​សរុប​មាន​ចំនួន ៣៣១ លាន​អឺរ៉ូ ​។ ​ប្រាក់​រង្វាន់​​សរុប​ចំនួន ៣៣១​លាន​អឺរ៉ូ​នេះ​ត្រូវ​បាន​បែងចែក ​ទៅ​តាម​ការ​​ប្រកួត​នីមួយ​ៗ​រហូត​ដល់​រក​ឃើញ​ក្រុម​ឈ្នះ​ជើងឯក​ ។

​ប្រាក់​រង្វាន់​សរុប​នេះ​បែងចែក​ដូចតទៅ​៖​

១-ក្រុម​ដែល​បាន​ឡើង ​មក​ដល់​វគ្គ​៣៦ ​ក្រុម​ឬ​ជម្រុះ​ តាម​ពូល​ទទួល​បាន ៩,២៥​លាន​អឺរ៉ូ

២-ប្រាក់​រង្វាន់​ សម្រាប់​​ឈ្នះ​១​ប្រកួត​ ទទួល​បាន​១​លាន​អឺរ៉ូ ហើយ​បើ​ស្មើ​ទទួល​បាន​៥០​ម៉ឺន​អឺរ៉ូ

៣-​​​បើ​ឡើង​មក​ដល់​វគ្គ​១៦​ក្រុម​វិញ ​ពួក​គេ​នឹង​ទទួល​បាន​១,៥​លាន​បន្ថែម​ទៀត​

៤-​បើ​ឡើង​មក​ដល់​វគ្គ ​៨​​ក្រុម​ចុង​ក្រោយ​នឹង​ទទួល​បាន​ ២,៥​លាន​អឺរ៉ូ​បន្ថែម​ទៀត​

៥-​បើ​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ នឹង​ទទួល​បាន​៤​លាន​អឺរ៉ូ​បន្ថែម​ទៀត​

៦-​ក្រុម​ឈ្នះ​ជើង​ឯង​រង ​ទទួល​បាន​៥​លាន​អឺរ៉ូ​បន្ថែម​​​​​

៧-​ឈ្នះ​ជើងឯក​ទទួល​បាន​៨​លាន​អឺរ៉ូ​​បន្ថែម

ដូច្នេះ​បើ​សិន​ក្រុម​ជម្រើស​ជាតិ ​របស់​ប្រទេស​ណាមួយ​ឈ្នះ​ទាំង​៣​ប្រកួត ​កាល​ក្នុង​ពូល​ហើយ​គ្រង​ជើងឯក​ទៀត​នោះ​ពួក​គេ​នឹង​​ទទួល​បាន​ប្រាក់​រង្វាន់​សរុប​​ប្រមាណ​ជា​២៨​,២៥​លាន​អឺរ៉ូ ។

សូម​បញ្ជាក់​ថា កាល​ជំនួប​ក្នុង​ពូល​គឺ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈ្នះ​ទាំង​៣​ប្រកួត ខណៈ​ក្រុម​​ជម្រើស​ជាតិ​អង់គ្លេស ​ឈ្នះ​១​និង​ស្មើ​២​ប្រកួត​៕

Most Popular

To Top