អង់គ្លេស និងអេស្ប៉ាញនឹងត្រូវប៉ះគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិការណ៍បាល់ទាត់អឺរ៉ុប UEFA Euro 2024។ នៅថ្ងៃនេះ ចង់បង្វែរចំណាប់អារម្មណ៍ប្រិយមិត្តមកដឹងពីកំណត់ត្រារបស់ក្រុមជម្រើសជាតិ ទាំងពីរនៅក្នុងឆ្នាំ២០២៤ និងប្រវត្តិនៅក្នុងអឺរ៉ូនាពេលកន្លងមក ។
ជារឿងគួរឱ្យចាប់អារម្មណ៍ដែរនៅក្នុងឆ្នាំ២០២៤នេះ ក្រុមជម្រើសជាតិនៃប្រទេសទាំង ២ នៅមិនទាន់ចាញ់នៅឡើយទេ។ អង់គ្លេសស្ថិតនៅក្នុងពូល C ដោយស្មើ ២ដង និងឈ្នះតែម្ដងប៉ុណ្ណោះ។ លុះដល់វគ្គចាញ់ធ្លាក់ អង់គ្លេសឈ្នះ ២ដង (នៅវគ្គ ១៦ក្រុម និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ) និងស្មើម្ដង ហើយឈ្នះបាល់ប៉េណាល់ទី ពេលប៉ះស្វីស។
ចំណែកឯអេស្ប៉ាញវិញ ក្រុមជម្រើសជាតិនេះ ឈ្នះគ្រប់ប្រកួតតែម្ដង តាំងពីវគ្គចែកពូល ទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ក្រឡេកមកមើលកំណត់ត្រា ជាប្រវត្តិសាស្ត្រវិញ អេស្ប៉ាញឈ្នះពានអឺរ៉ូ ៣ដងគឺនៅឆ្នាំ១៩៦៤ ឆ្នាំ២០០៨ និងឆ្នាំ២០១២។ ក្រុមជម្រើសជាតិនេះធ្លាប់ជាប់លេខ ២ កាលពីឆ្នាំ១៩៨៤។ ក្រៅពីនេះ ក្រុមនេះមិនជាប់នៅព្រឹត្តិការណ៍អឺរ៉ូតែម្ដងចំនួន ៥ដង ដោយសុទ្ធតែនៅមុនសតវត្សទី២១ ហើយក្រៅពីនោះធ្លាប់ធ្លាក់ត្រឹមវគ្គចែកពូល ៣ដង វគ្គ៨ក្រុមចុងក្រោយ ២ដង និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រម្ដងនៅឆ្នាំ២០២០។
ចំណែកឯអង់គ្លេសវិញ មិនដែលលើកពាននេះម្ដងទេ។ នៅមុនឆ្នាំ២០២៤នេះ អង់គ្លេសឡើងដល់វគ្គផ្ដាច់ព្រ័ត្រតែម្ដងគត់នៅឆ្នាំ២០២០ តែពេលនោះចាញ់អ៊ីតាលី។ ក្រៅពីនេះ អង់គ្លេសឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៤ដង (គិតទាំង ២០២០ និង២០២៤) ហើយមានម្ដងនៅឆ្នាំ១៩៦៨ អង់គ្លេសធ្លាប់បានលេខ ៣។
ក្រៅពីនេះ ក្រុមនេះមិនជាប់វគ្គជម្រុះចំនួន ៥ដង ដោយលើកចុងក្រោយគឺនៅឆ្នាំ២០០៨។ បន្តមកទៀត អង់គ្លេសធ្លាក់នៅវគ្គចែកពូលចំនួន ៣ដង វគ្គ ៨ក្រុមចំនួន ២ដង និងវគ្គ ១៦ក្រុមម្ដងនៅឆ្នាំ២០១៦។ អង់គ្លេសប្រកាសមិនចូលរួមអឺរ៉ូម្ដង កាលពីឆ្នាំ១៩៦០ ដោយកាលនោះបារាំងធ្វើជាម្ចាស់ផ្ទះ៕