ភ្នំពេញ ៖ លោក និល ខណ្ឌព្រីដា ជាអ្នករៀបចំ បាននិយាយថា ការប្រកួតកីឡាបាល់ទាត់ PTT Lubricants Junior football Tournament 2024 លើកទី១ លោកផ្តោតសំខាន់ ទៅលើយុវជននៅប្រទេសកម្ពុជា ដែលស្រលាញ់ វិស័យកីឡាបាល់ទាត់ និងចង់បណ្តុះបណ្តាលកុមារ ក្រោមអាយុ ១២ ឆ្នាំ និងយុវជនទំាងអស់ លេងកីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព ។

លោក និល ខណ្ឌព្រីដា បានលើកឡើង ក្នុងឱកាសបើកការប្រកួតកីឡាបាល់ទាត់ PTT Lubricants Junior football Tournament 2024 លើកទី១ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់បឹងកក់ ហើយការប្រកួតនេះ គ្រោងនឹងបញ្ចប់ការជាផ្លូវការ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ ។

លោក និល ខណ្ឌព្រីដា បានបន្តថា ការប្រកួតខាងលើនេះ លោកនឹងពង្រីកបន្ថែមទៀត សម្រាប់ក្រុមចូលរួមបានឲ្យច្រើន នាពេលនេះមានតែ ៤ ក្រុមគឺក្រុមយុវជន ព្រះខ័នរាជស្វាយរៀង ក្រុមយុវជន នគររាជ្យ ក្រុមយុវជន ISI Community និងក្រុមយុវជន Eagle ។ កម្មវិធីប្រកួតនេះ ចង់ឲ្យយុវជន ដែលស្រលាញ់កីឡាបាល់ទាត់ ក្លាយជាទំពាំងស្នងឬស្សី ជំនាន់ក្រោយលើ វិស័យកីឡាបាល់ទាត់កម្ពុជា ។

លោកបានបញ្ជាក់ថា ផលចំណេញ នៃការរៀបចំការប្រកួតនេះឡើង គឺលោកបានចូលរួមចំណែក លើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ហើយក្រុមយុវជនចូលរួម បានបង្ហាញស្នាដៃរបស់ពួកគេ និងអាចជាចំណុចចាប់ផ្តើម នៃអាជីពកីឡាបាល់ទាត់ ។ នាបច្ចុប្បន្ននេះ មានក្លឹបបាល់ទាត់អាជីព ជាច្រើនបានបង្កើតក្រុមបាល់ទាត់យុវជន តាមប្រភេទអាយុ ដូច្នេះ ប្រសិនបើពួកគាត់លេងល្អ នោះក្លិបទាំងនោះ អាចយកពួកគាត់លេង ឲ្យក្លិបជាក់ជាមិនខាន់ឡើយ ៕



