ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group ៤ ឆ្នាំ ២០២៤ ដែលកម្ពុជាទទួលរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងបានបញ្ចប់ដោយជោគជ័យយ៉ាងត្រចេះត្រចង់ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយក្រុមកម្ពុជា និងក្រុមស្រីលង្កា បានឡើងទៅប្រកួតកម្រិត៣ (Group 3) នាឆ្នាំ២០២៥ ក្រោយកម្ពុជាឈ្នះក្រុមប្រទេសកាតា និងស្រីលង្កា ឈ្នះ គុយវ៉ែត នៅវគ្គខ្វែងពូល។

សម្រាប់ការប្រកួតចុងក្រោយនៃវគ្គខ្វែងពូល លើវិញ្ញាសាឯកត្តជន កីឡាករកម្ពុជា ប៊ុន កេន្នី បានយកឈ្នះកីឡាករកាតាឈ្នះកីឡាករកាតា NAWAF Rashed ៦-៣ និង៦-៤ និងវិញ្ញាសាឯកត្តជនគូទី២ កីឡាករកម្ពុជា ឡេង សារិនរាជ វាយបកយកឈ្នះកីឡាករកាតា Zayid Mubarak Shannan ដោយលទ្ធផល ១-៦ ៦-៣ និង៦-៣។

ដូច្នេះ ក្រុមម្ចាស់ផ្ទះកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ប្រចាំពូល B បានប្រកួតឈ្នះក្រុមប្រទេសកាតា ឈរនៅចំណាត់ថ្នាក់លេខ១ ប្រចាំពូល A ធ្វើឲ្យកម្ពុជាមានសិទ្ធិឡើងទៅលេង Group 3 នាឆ្នាំ២០២៥ខាងមុខ ចំពោះក្រុមស្រីលង្កាឈរលេខ២ ប្រចាំពូល A បានយកឈ្នះក្រុមលេខ១ ប្រចាំពូល A ប្រទេសគុយវ៉ែត នៅវគ្គខ្វែងពូល នាល្ងាចថ្ងៃទី១៣កក្កដានេះដែរ ដោយក្រុមស្រីលង្កា បានឡើងទៅលេង Group 3ដូចគ្នា។

ចំពោះប្រតិភូកីឡាវាយកូនបាល់កម្ពុជា រួមមានប្រធានដឹកនាំក្រុម លោក ទេព រិទ្ធិវិទ្ធ និងគ្រូបង្វឹកជម្រើសជាតិកម្ពុជា លោក Braen Aneiros និងកីឡាករជម្រើសជាតិ៥នាក់ កីឡាករ ប៊ុន កេន្នី កីឡាករទេព ទីម៉ូធី កីឡាករ ឡេង សារិនរាជ កីឡាករ ឃ្លាំង ពន្លក និងកីឡាករ Mathew Crusling។

ក្រុមវាយកូនបាល់កម្ពុជា បានប៉ះ៣ក្រុមក្នុងពូល B ដោយបានយកឈ្នះក្រុមអ៊ីរ៉ាក់ បន្តយកឈ្នះក្រុមមីយ៉ាន់ម៉ា និងចាញ់ក្រុមគុយវ៉ែត។ ក្រុមកម្ពុជាឈរចំណាត់ថ្នាក់លេខ ២ ក្នុងពូល B បានយកឈ្នះក្រុមកាតា ឈរនៅលេខ១ ពូល A ទាំងពីរប្រកួត នៅវគ្គខ្វែងពូល។ នេះជាជោគជ័យថ្មីមួយទៀតរបស់ក្រុមវាយកូនបាល់កម្ពុជា បានឡើងទៅលេងក្រុមទី៣ ជាលើកទី២ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីចូលរួមប្រទេសកម្ពុជាបានបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Davis Cup Asia/Oceania Group IV កាលពីឆ្នាំ២០១២ នៅប្រទេសកាតា។

ការបង្ហាញខ្លួនលើកដំបូងរបស់កម្ពុជា ក្រុមនេះបានបង្កើតប្រវត្តិសាស្ត្រ ខណៈកម្ពុជាបានយកឈ្នះលើការប្រកួតទាំងមូល ដោយទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតបានឡើងទៅប្រកួតក្នុងក្រុម៣ Asia/Oceania Group III កាលពីឆ្នាំ២០១៣។

ក្រោយមក កម្ពុជាបានធ្លាក់មកលេងនៅកម្រិត៤វិញ ហើយទើបតែឆ្នាំ២០២៤នេះ ក្រុមកម្ពុជាបានឡើងទៅកម្រិត៣ម្តងទៀត ក្រោយជោគជ័យយ៉ាងធំធេង ទាំងការប្រកួត និងការទទួលរៀបចំ ដោយទទួលបានការកោតសរសើរពីបណ្តាប្រទេសចូលរួមចំនួន៧ប្រទេសផ្សេងទៀត ដូចជាគុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និងអារ៉ាប់រួម។ ម្ចាស់ផ្ទះកម្ពុជាទទួលបានពានរង្វាន់ក្នុងការរៀបចំធ្វើម្ចាស់ផ្ទះបានល្អផងដែរ៕

