លោក Leonel Scaloni គ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន ដែលទើបតែលើកពាន Copa America ថ្មីៗបាននិយាយក្នុងបទសម្ភាសន៍ថា លោកនឹងធ្វើយ៉ាងណាលួងលោម Leonel Messi ឲ្យបន្តនៅជួយជម្រើសជាតិអាហ្សង់ទីនរហូតដល់ World Cup 2026 ។
គ្រូបង្វឹកវ័យ៤៦ឆ្នាំខាងលើបានបន្ថែមថា Copa ឆ្នាំនេះជាការប្រកួតចុងក្រោយ របស់វីរបុរសរបស់យើងម្នាក់ហើយគឺ Angel Dimaria ប៉ុន្តែនឹងមិនមែនជាការប្រកួតចុងក្រោយ របស់ Messi នោះទេ។ Messi នៅតែស្ថិតក្នុងគម្រោងនៃការប្រើប្រាស់របស់លោក ហើយគេជាកូនសោដ៏សំខាន់ សម្រាប់ជម្រើសជាតិ និងរូបលោកផ្ទាល់ផងដែរ។
លោកបានសង្កត់ធ្ងន់ថា «ខ្ញុំសង្ឃឹមថា យើងនឹងស្ថិតនៅក្នុងក្រុមជម្រើសជាតិ ជាមួយគ្នាបន្ទាប់ពីចប់ Copa America ។ បើទោះជា Messi មិនចង់លេងឲ្យជម្រើសជាតិ ក៏ខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឲ្យគេ ជួយក្រុមជម្រើសជាតិ ដែលយ៉ាងហោចណាស់រហូតដល់ចប់ World Cup 2026 ។ គេ (Messi ) នៅតែជាមនុស្សដ៏សំខាន់ សម្រាប់បាល់ទាត់អាហ្សង់ទីន និងជាកីឡាករដ៏សំខាន់សម្រាប់ប្រទេសមួយនេះ»។
សូមបញ្ជាក់ថា ប្រសិនបើ Messi ព្រមជួយជម្រើសជាតិដូចការលើកឡើងរបស់ Leonel Scaloni វាជាដំណឹងល្អមួយសម្រាប់ពិភពបាល់ទាត់ ដោយសារតែវីរបុរសរបស់ ព័រទុយហ្គាល់ Ronaldo ក៏បានបង្ហើបថាខ្លួនចង់លេងឲ្យជម្រើសជាតិរហូតដល់ World Cup 2026 ផងដែរ។ ដូច្នេះហ្វេនហ្វេននៅតែអាចឃើញ Legend របស់ខ្លួនបង្ហាញខ្លួននៅលើទីលានដដែល៕