អង់គ្លេស៖ លោក Gareth Southgate ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិ អង់គ្លេសបានប្រកាស នៅថ្ងៃអង្គារនេះថា លោកនឹងចាកចេញពីតួនាទីរបស់លោកជាអ្នកចាត់ការ ទូទៅនៃក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីលោកមិនអាច ជួយក្រុមជម្រើសជាតិអង់គ្លេសគ្រង តំណែង ជើងឯក ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា បាល់ទាត់ពានរង្វាន់ជើងឯកអឺរ៉ុប រដូវក្តៅ ២០២៤ “Euro 2024 ” នៅប្រទេសអាល្លឺម៉ង់បានឡើយ។
ការសម្រេចចិត្តរបស់លោក បានកើតឡើង២ ថ្ងៃបន្ទាប់ពីការចាញ់របស់ក្រុមជម្រើសជាតិ អង់គ្លេសក្នុងលទ្ធផល ២-១ ក្រោមថ្វីជើងក្រុមជម្រើសជាតិអេស្ប៉ាញ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 នៅទីក្រុង Berlin។ នោះគឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ជាលើកទី២ជាប់ៗគ្នានៅពានរង្វាន់ទ្វីបអឺរ៉ុប ដែលតោទាំង៣ បានចាញ់។
លោក Southgate បានចំណាយពេល ៨ ឆ្នាំ ជាអ្នកចាត់ការទូទៅ របស់ក្រុមជម្រើសជាតិ អង់គ្លេស ដោយបានដឹកនាំការ ប្រកួតចំនួន ១០២ប្រកួត ។ លោក Southgate អាយុ ៥៣ ឆ្នាំបាននិយាយថា ក្នុងនាមជាកីឡាករអង់គ្លេស ដែលមានមោទនភាព វាជាកិត្តិយសនៃជីវិតរបស់ខ្ញុំបានដឹកនាំប្រទេសអង់គ្លេស និងគ្រប់គ្រងប្រទេសអង់គ្លេស ។
លោក Southgate បានដឹកនាំក្រុមជម្រើសជាតិ អង់គ្លេស សម្រាប់ការប្រកួត អន្តរជាតិធំៗចំនួន ៤ ដោយឈានដល់វ គ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រនៅ World Cup 2018 និងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ នៅប្រទេសកាតា កាលពី២ឆ្នាំមុន៕