ភ្នំពេញ ៖ ក្រុមកីឡាករ-កីឡាការិនីក្រសួង ការពារជាតិដណ្តើមមេដាយ សរុបចំនួន ២៨ គ្រឿង ខណៈក្រុមកីឡាករ-កីឡាការិនី ពោធិ៍សាត់ ដណ្តើមមេដាយចំនួន ៦ គ្រឿងក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ នេះ ហើយការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន និងជាអនុប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្ត សមាជិតប្រតិបតិ្តសហព័ន្ធ និងតំណាងប្រតិភូកីឡា រាជធានីខេត្តទំាង ១៧ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមបិទ ការប្រកួតកីឡា អត្តពលកម្មជ្រើសរើស ជើងឯកថ្នាក់ជាតិ ប្រចាំ ឆ្នាំ២០២៤ នៅហពុកីឡដ្ឋានជាតិអូឡាំពិក ។

ក្រុមកីឡាករ- កីឡាការិនីក្រសួងការពារជាតិដណ្តើម មេដាយមាស ១៥ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿង ក្រុមកីឡាករ -កីឡាការិនីរ៉ាន់នីង ក្លិបដណ្តើមមេដាយមាស ២ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីពោធិ៍សាត់ដណ្តើមមេដាយមាស ១ គ្រឿង មេដាយប្រាក់ ៤ គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្រុមកីឡាករ-កីឡាការិនីព្រៃវែងដណ្តើមមេដាយប្រាក់ ៣ គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿង
ចំណែកក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ ដណ្តើមមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង ក្រុមកីឡាករ-កីឡាការិនី ខេត្តស្វាយរៀង ដណ្តើមមេដាយប្រាក់ចំនួន ១ គ្រឿង ក្រុមកីឡាករ-កីឡាការិនីកំពង់ឆ្នាំង ដណ្តើមមេដាយប្រាក់ចំនួន ១ គ្រឿង និងក្រុមកីឡាករ-កីឡាការិនី កំពង់ធំ ដណ្តើមមេដាយសំរិទ្ធចំនួន ៣ គ្រឿងដូចគ្នា ខណៈក្រុមកីឡាករ-កីឡាការិនី ខេត្តកណ្តាល ដណ្តើមមេដាយសំរិទ្ធចំនួន ២ គ្រឿង ។

ព្រឹត្តិការណ៍ការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯក ថ្នាក់ជាតិប្រចាំឆ្នាំ ២០២៤ នៅបើកឆាតដំបូង ការប្រកួតរៀបចំ ដោយឡើងសហព័ន្ធខ្មែរ កីឡាអត្តពលកម្មស្ម័គ្រចិត្ត ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំឆ្នាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅទីលានចំនួន ២ គឺពហុកីឡដ្ឋានជាតិអូឡាំពិក និងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ៕
ដោយ៖លី ភីលីព



