ភ្នំពេញ ៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាតំណាងដ៍ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបប្រតិភូកីឡាកម្ពុជា មុនចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាឣូឡាំពិក រដូវក្ដៅលើកទី៣៣ នៅទីក្រុងបារីស ប្រទេសបារាំង ។
កម្ពុជាបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីក្នុងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៤ លើប្រភេទកីឡាហែលទឹក ចំនួន៣រូប និងគ្រូបង្វឹក និងកីឡាករ ក្នុងក្រុមកីឡាជម្រើសជាតិ ឆ្នាំ២០២៤ លើប្រភេទកីឡាអត្តពលកម្ម ចំនួន២រូបត្រូវបានជ្រើសរើស ឲ្យទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតការប្រកួត កីឡាអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ (2024 Summer Olympic Games) នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤នេះ ។
សម្រាប់សមាសភាព ចូលរួមការប្រកួតក្រុមកីឡាហែលទឹក រួមមាន កញ្ញា ហែម ថុនវិទីនី គ្រូបង្វឹក កីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា និងកីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ ។ កីឡាអត្តពលកម្មលោក បូរ ពុធរាត្រី ជាគ្រូបង្វឹក និងកីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡា SEA GAME 2023 លើប្រភេទវិញ្ញាសា ៨០០ម៉ែត្រ ។
ក្នុងឱកាសជួបសំណេះសំណាលនេះ លោក ថោងខុន ក៍បាននាំយកថវិកា របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូន គ្រូបង្វឹក និងកីឡាករ-កីឡាការិនីក្នុងម្នាក់ ទទួលបាន៥០០ដុល្លារផងដែរ ៕