ខេត្តបាត់ដំបង ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក និងជាគ្រូឧទ្ទេស ក្នុងវគ្គបានអញ្ជើញ ចូលរួមពិធីបើកវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន (Beginners Swimming Coach) នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលហែលទឹកបាត់ដំបង ខេត្តបាត់ដំបងដោយប្រើថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ។

ដោយទទួលបានការឯកភាព ពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ដោយស្របតាមផែនការ សកម្មភាពរបស់សហព័ន្ធខ្មែរកីឡាហែលទឹក ឆ្នាំ២០២៤ និងការអនុវត្តថវិកា គាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់មកកាន់សហព័ន្ធ សម្រាប់ឆ្នាំ២០២៤ សហព័ន្ធខ្មែរកីឡាហែលទឹកបានរៀបចំវគ្គបណ្តុះបណ្តល “គ្រូបង្វឹកកីឡាហែលទឹក កម្រិតមូលដ្ឋាន” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ នៅមណ្ឌលហែលទឹកបាត់ដំបង ស្ថិតក្នុងសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង ។

វគ្គបណ្តុះបណ្តាលខាងលើនេះ មានសិក្ខាកាមចូលរួមសរុបចំនួន ២៦នាក់ មកពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង គ្រូអប់រំកាយនិងកីឡា តាមបណ្តាវិទ្យាស្ថាន វិទ្យាល័យ អនុវិទ្យាល័យ នៅក្នុងខេត្តបាត់ដំបង និងសាកលវិទ្យាល័យជាតិបាត់ដំបង ៕



