ប្រេស៊ីល ៖ វីរបុរសបាល់ទាត់ប្រេស៊ីល និងជាអតីតគ្រូបង្វឹកជម្រើសជាតិ ប្រទេសប្រេស៊ីល លោក Carlos Dunga និងប្រពន្ធរបស់លោក ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីរថយន្តរបស់ពួកគេ ក្រឡាប់ក្នុងឧប្បត្តិហេតុមួយបានកើតឡើង។
កាសែត The Sun បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលលោក Dunga កំពុងធ្វើដំណើរពី Sao Paulo ទៅកាន់ Campina Grande do Sul កាលពីរសៀលថ្ងៃអាទិត្យ ។ លោក និងប្រពន្ធរបស់លោកបានធ្វើដំណើរ ត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីបានទៅលេងសាច់ញាតិ។
ប្រពន្ធរបស់លោក Dunga ឈ្មោះលោកស្រី Evanir Verri កំពុងអង្គុយនៅកៅអីអ្នកដំណើរ ពេលគ្រោះថ្នាក់បានកើតឡើង។ ចំណែករថយន្តរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែប្តីប្រពន្ធបានរងរបួសស្រាលប៉ុណ្ណោះ ហើយបានចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់ ។
លោក Bruno កូនប្រុសរបស់ Dunga បានថ្លែងអំណរគុណដល់គ្រូពេទ្យ និងអ្នកដែលបានជួយឪពុកម្តាយ របស់ពួកគេសម្រាប់ការបង្ហោះសារ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោកបានសរសេរថា ខ្ញុំចង់អរគុណអ្នកគ្រប់គ្នា សម្រាប់ការព្រួយបារម្ភ និងការគាំទ្ររបស់អ្នកសម្រាប់គ្រួសារ ហើយអ្នកបើកបរឡានដឹកទំនិញ ដែលបានជួយសង្គ្រោះភ្លាមៗហើយបាននាំយើងទៅមន្ទីរពេទ្យ Angelina Caron ជាកន្លែងដែលយើងទទួលបាន ការថែទាំយ៉ាងយកចិត្តទុកដាក់ពី គ្រូពេទ្យ និងគិលានុបដ្ឋាយិកា”។
ប៉ូលីសបាននិយាយថា អតីតខ្សែបម្រើប្រេស៊ីលរូបនេះ មិនបានបង្ហាញពីសញ្ញា នៃការប្រើប្រាស់គ្រឿងស្រវឹងនោះទេ នៅពេលគ្រោះថ្នាក់បាន កើតហេតុឡើយ។ ប៉ូលីសជឿថា មូលហេតុនៃគ្រោះថ្នាក់នេះបណ្តាលមកពីផ្លូវរអិល បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ។
លោក Dunga ជាអតីតប្រធានក្រុមប្រេស៊ីលបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ១៩៩៤ ហើយកីឡាករវ័យ ៦០ ឆ្នាំរូបនេះក៏បានឈ្នះពានរង្វាន់ Copa America ចំនួន២ និងមេដាយប្រាក់អូឡាំពិក ។ លោកធ្លាប់ជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០២១ និងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦៕