ភ្នំពេញ៖ ក្រុមកីឡាករបញ្ចស៊ីឡាត់កម្ពុជាដណ្តើមបានមេដាយ ៣គ្រឿង ក្នុងនោះមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ២គ្រឿងលើវិញ្ញាសាប្រយុទ្ធបុរសទំាង ៣នាក់ ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាករបញ្ចស៊ីឡាត់អន្តរជាតិឆ្នាំ២០២៤ នៅទីក្រុង ចាកាតា ប្រទេសឥណ្ឌូនេស៊ី ថ្ងៃទី១២ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤។
លោក អ៊ុំ តារា អគ្គលេខាធិការសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានប្រាប់ពីប្រទេសឥណ្ឌូនេស៊ីថា សម្រាប់មេដាយប្រាក់បានទៅលើកីឡាករ ឈឹម រ៉ាឆាត លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់៥០-៥៥ គីឡូក្រាម មេដាយសំរិទ្ធបានទៅលើកីឡាករ ពន្លឺ ពេជ្រមរតក លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៨៥-៩០គីឡូក្រាម និងមេដាយសំរិទ្ធមួយទៀតបានទៅលើកីឡាករ នន់ ស្រមោចក្រហម លើវិញ្ញាសាប្រយុទ្ធប្រភេទទម្ងន់ ៤៥គីឡូក្រាម។
សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាបានបញ្ជូនគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី២២នាក់
ក្នុងនោះក្រុមអត្តពលិកមានចំនួន ១៥ សុទ្ធសឹងជាកីឡាករ-កីឡាការនីជាប់ជម្រើសជាតិទៅចូលរួមប្រកួតកីឡាការបញ្ចស៊ីឡាត់អន្តរជាតិឆ្នាំ២០២៤ នៅទីក្រុងចាកាតា ប្រទេសឥណ្ឌូនេស៊ី។ ការប្រកួតនមានកីឡាករ-កីឡា ការិនី មកពី៧ប្រទេសដូចជាប្រទេសឥណ្ឌូនេស៊ី កម្ពុជា សហរដ្ឋអាមេរិក សឹង្ហបុរី ម៉ាឡេស៊ី ព្រុយណេ និងប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១២ ដល់១៦ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
ការប្រកួតខាងលើនេះ គឺជាឪកាសលោកចង់ឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹករបស់លោកទទួលបានបទពិសោធន៍បន្ថែមក្នុងការប្រកួតនេះ ដើម្បីវាស់ស្ទង់ពីកម្រិតបច្ចេកទេសរបស់ពួកគាត់ ឈានទៅសម្រចគោលដៅ និងចក្ខុវិស័យក្នុងការចូលរួមប្រកួត Asian Martial Arts and Indoor Games លើកទី៦ ឆ្នាំ២០២៤ នៅប្រទេសថៃ នាថ្ងៃទី២២ ដល់២៩ ខែវិច្ឆិការ ឆ្នាំ២០២៤ ខាងមុខនេះ និងត្រៀមចូលរួមការប្រកួតកម្រិតពិភពលោកនៅ United Arab Emirateក្នុងថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ហើយអ្វីដែលសំខាន់ គឺលោកប្រុងប្រៀបខ្លួន ដើម្បីចូលរួមការប្រកួតSEA GAME 2025លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ៕
ដោយ៖លី ភីលីព