កីឡា

លោកបណ្ឌិត ថោង ខុន ៖ អត្តពលិកកម្ពុជា ប្តេជ្ញាប្រឹងប្រែង ធ្វើឲ្យបានល្អ ក្នុងការប្រកួត អូឡាំពិកប៉ារីស ឆ្នាំ២០២៤

ភ្នំពេញ ៖ លោក បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកជំរុញ ការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ទទួលបន្ទុកប្រធានប្រតិភូ កីឡាកម្ពុជា ដាក់ការជឿជាក់ថា អត្តពលិកកម្ពុជាទាំង៣នាក់ ចូលរួមប្រកួតអូឡាំពិករដូវក្តៅ នៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ នេះអាចនឹងទទួលបានលទ្ធផលក្នុងការប្រកួត ហើយយើងទាំងអស់ចងចាំ ជាប់ជានិច្ច គឺឈ្នះដោយយុត្តិធម៌ និងចាញ់ដោយកិត្តិយស ដោយមិនធ្វើអ្វីឱ្យខូចកិត្តិយស ប្រទេសជាតិរបស់យើងទេ ។

លោកបណ្ឌិតទេសរដ្ឋមន្ត្រី កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ មុនដឹកនាំប្រតិភូកីឡាកម្ពុជា ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិករដូវក្តៅទីក្រុងប៉ារីស ឆ្នាំ២០២៤ នៅប្រទេសបារាំង ដែលបើកដំណើរការជាផ្លូវការ ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ។

បណ្ឌិត ថោង ខុន មានប្រសាសន៍ថា អត្តពលិកកម្ពុជាដែលចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំនេះមានតែ២ប្រភេទកីឡា គឺអត្តពលកម្ម និងហែលទឹក ជាប្រភេទកីឡាកាតព្វកិច្ច ដោយគ្រប់គណៈកម្មាធិការអូឡាំពិកទាំងអស់ សរុបចំនួន ២០៦ (NOC) ជាសមាជិករបស់គណៈកម្មាធិការជាតិអន្តរជាតិ (IOC) ។ ស្មារតីធំបំផុតរបស់ចលនាអូឡាំពិកអន្តរជាតិ គឺការចូលរួមរបស់សមាជិក ចាស់ថ្មីទាំងអស់ ក្នុងពិភពលោក ហើយព្រឹត្តិការណ៍កីឡា កម្រិតខ្ពស់បំផុត របស់ពិភពលោក គឺការប្រកួតអូឡាំពិកត្រូវបានប្រារព្ធធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ។

លោកបណ្ឌិត ថោង ខុន បានសង្កត់ធ្ងន់ថា សម្រាប់អត្តពលិកកម្ពុជា ចំនួន២នាក់ លើ២ប្រភេទកីឡានេះ គឺត្រូវបានសម្រិតសម្រាំង ចេញពីគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងការយល់ព្រមពី IOC ដោយ IOC បានឆែកអំពីសិទ្ធផល របស់អត្តពលិកកម្ពុជាទាំង៣នាក់ ដែលអាចចូលរួមបាន។ អត្តពលិកកម្ពុជាទាំង៣នាក់ គឺកីឡាករអត្តពលកម្ម ឈុន ប៊ុនថន និងហែលទឹក២នាក់ គឺកីឡាករ កូសុង ដឺ ឡាប៉ារង អង់ត្វ័ន ម៉ាតាំង ក្លូឌ និងកីឡាការិនី សាក់ប៊ុន អប្សរា ការីណា សុទ្ធតែបានបំណែកកំណត់ត្រារបស់ខ្លួនជារៀងរាល់ឆ្នាំ ទាំងកម្រិត SEA GAME និងកម្រិតអាស៊ីជាដើម ។

ប្រធាន NOCC មានប្រសាសន៍ទៀតថា សំខាន់ក្នុងស្មារតី អូឡាំពិក គឺឧត្តមភាព សាមគ្គភាព និងមិត្តភាព ជាពិសេសគឺបានស្គាល់គ្នា ក្នុងគ្រួសារចលនាអូឡាពិក ។ សម្រាប់ថ្នាក់ដឹកនាំក៏ជាឱកាសល្អដែរ ក្នុងការជួបជុំជាមួយសមាជិកអូឡាំពិក ពីប្រទេសមួយទៅប្រទេសមួយទៀត ដែលជាឱកាសឈានដល់កិច្ច សហប្រតិបត្តិការអន្តរជាតិផងដែរ ៕

Most Popular

To Top