ពិតជាដំណឹងមួយដ៏ភ្ញាក់ផ្អើល ដែលអតីតកីឡាករ Real Madrid និង ជាខ្សែការពាររបស់បិសាចក្រហម Manchester United គឺកីឡាករ Raphaël Varane យល់ព្រមចាកចេញពីអង់គ្លេសក្នុងសំណើទៅកាន់ក្លឹប COMO របស់អ៊ីតាលី ដែលជាក្លឹបតូចមួយទើបតែប្រម៉ូតខ្លួនឡើងមកកាន់លីគកំពូល អ៊ីតាលី Serie A ក្នុងឆ្នាំនេះ។
បើតាមដំណឹងពី Fabrizio Romano បានផ្សាយថា អតីតខ្សែការពារជម្រើសជាតិបារាំងរូបនេះនឹងស្ថិតក្រោមការដឹកនាំរបស់ Cesc Fabregas ដែលកំពុងតែកាន់តំណែងជាអ្នកចាត់ការទូទៅនៅទីនោះ។ គេនឹងមានសុពលភាពកុងត្រាចំនួន២ឆ្នាំពោលគឺរហូតដល់ឆ្នាំ២០២៦ ហើយក៏មានលក្ខខណ្ឌបន្តកុងត្រាដល់ឆ្នាំ២០២៧ ដែរបើសិនធ្វើបានល្អ។
បើទោះជាក្លឹបថ្មី COMO បានចុះកុងត្រាយកកីឡាករល្បីមួយ ចំនួនរួចហើយមានដូចជាអតីតអ្នកចាំទី Liverpool , Pepe Reina, ខ្សែប្រយុទ្ធ Andrea Belotti និងកីឡាករ Alberto Moreno ជាដើម ដែលត្រូវបានគេមើលឃើញថា នេះជាឆ្នាំដែលនាំចូលធំបំផុតសម្រាប់ COMO ហើយក៏ត្រូវបានគេរំពឹងថា COMO នឹងស្វែងរកតំណែងល្អមួយក្នុងរដូវកាលនេះផងដែរ ៕