ខ្សែការពារដ៏ឆ្នើម របស់ក្រុមជម្រើសអេស្ប៉ាញ ប្រចាំកម្មវិធីអឺរ៉ូ ២០២៤ កីឡាករ Marc Cucurella បានលាបសក់ពណ៌ក្រហម ដើម្បីអបអរជ័យជំនះរបស់ក្រុមជម្រើសជាតិរបស់ខ្លួន ។
នាថ្ងៃនេះ ខ្សែការពារ Chlesea កីឡាករ Cucurella បានបង្ហោះរូបថតរបស់ខ្លួនមួយចំនួន លើបណ្ដាញសង្គម ។ រូបថតនោះបានបញ្ជាក់ថា Cucurella បានដូរពណ៌សក់ពីពណ៌ក្រហម ទៅពណ៌ក្រហម ។ យោងតាមសេចក្ដីអត្ថាធិប្បាយ របស់សាម៉ីខ្លួន Cucurella ធ្វើនេះ ព្រោះរូបគេធ្លាប់និយាយទៅក្រុមគ្រួសារ និងមិត្តរួមក្រុមជុំវិញខ្លួនថា បើអេស្ប៉ាញឈ្នះអឺរ៉ូ នោះរូបគេនឹងលាបសក់ពណ៌ក្រហម ។
កាលពីដើមសប្ដាហ៍នេះ អេស្ប៉ាញបានយកឈ្នះអង់គ្លេសក្នុងលទ្ធផល ២ ទល់នឹង ១ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ហើយក៏លើកពានអឺរ៉ូ លើកទី ៤ របស់ក្រុមជម្រើសជាតិមួយនេះ។ Cucurella គឺជាកីឡាករដ៏បង្គោលមួយរបស់អេស្ប៉ាញ ក្នុងព្រឹត្តិការណ៍អឺរ៉ូកន្លងទៅ ដោយខ្សែការពារបានបង្ហាញទម្រង់លេងយ៉ាងល្អក្នុងការការពារ ហើយថែមទាំងជាកីឡាករដែលបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត ដើម្បីយកឈ្នះអង់គ្លេសក្នុងវគ្គផ្ដាច់ព្រ័ត្រអឺរ៉ូកន្លងទៅ។ Cucurella ជាប់ឈ្មោះជាកីឡាករដ៏ឆ្នើមមួយរូបប្រចាំកម្មវិធីអឺរ៉ូឆ្នាំ ២០២៤ ។
ប៉ុន្មានថ្ងៃ ក្រោយឈ្នះពាន Cucurella ក៏ធ្វើតាមពាក្យសន្យារបស់ខ្លួន ហើយលាបសក់ពណ៌ក្រហមតែម្ដង ដើម្បីអបអរអេស្ប៉ាញឈ្នះពានអឺរ៉ូឆ្នាំ ២០២៤។ ការលាបពណ៌សក់នេះ បង្កការភ្ញាក់ផ្អើល ក្នុងមជ្ឈដ្ឋានបណ្ដាញសង្គមបាល់ទាត់ ព្រោះធ្លាប់តែឃើញ Cucurella មានសក់ខ្មៅ ហើយកម្រណាស់ឃើញកីឡាករណាលាបសក់ពណ៌ក្រហម ។ ទើបតែពេលនេះ ឃើញ Cucurella មានសក់ពណ៌ក្រហម បូកផ្សំនឹងអត្ថន័យនៅពីក្រោយការលាបនេះ ធ្វើឲ្យមានមតិសរសើរ និងអបអរសាទរកីឡាកររូបនេះ យ៉ាងច្រើន។
មកទល់ពេលនេះ មិនទាន់មានសេចក្ដីរាយការណ៍ណាមួយអាចបញ្ជាក់ថា Cucurella ទុកសក់ពណ៌នេះប៉ុន្មានថ្ងៃ ឬខែទៅមុខនោះទេ៕