កីឡា

គ្រូ​​បង្វឹក​​ U23 ​អាហ្សង់ទីន ៖ វា​ហាក់​ដូច​ជា​ថ្លុក​កំប្លែង ​សម្រាប់​ការ​ប្រកួត ​​របស់​យើង​និង​ម៉ារ៉ុក​

លោក Javier Mascherano គ្រូ​បង្វឹក​របស់​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ ​​អាហ្សង់ទីន​ក្រោម​អាយុ​២៣​ឆ្នាំ​ បាន​និយាយ​​ពី​ការ​ប្រកួត​រវាង​​ក្រុម​លោក ​ទល់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ ​ក្រោម​អាយុ​២៣​ឆ្នាំ​ម៉ារ៉ុក វា​ហាក់​ដូច​​ជា​រឿង​កំប្លែង ​​បន្ទាប់​​ពី​មាន​ការ​​ដក​គ្រាប់​បាល់​ របស់​ខាង​អាហ្សង់ទីន​ចេញ​​មក​ឲ្យ​ចាញ់​២-១ ​វិញ​ ។

ការ​ប្រកួត​​រវាង​ក្រុម​ទាំង​ពីរ ​បាន​បន្ថែម​ម៉ោង​ចំនួន ១៥ នាទី​ហើយ​​នៅ​ម៉ោង​បន្ថែម​​​នា​វិនាទី​ចុង​ក្រោយ​អាហ្សង់ទីន​បាន​តាម​ស្មើ​២-២ ទៅ​ហើយ​ ពេល​នោះ​​ហ្វូង​មនុស្ស​អ្នក​គាំទ្រ​បាន​រត់​ចូល​ទីលាន​​ ដែល​ភាគ​ច្រើន​​នៃ​ហ្វូង​​មនុស្ស​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា សុទ្ធសឹងតែ​ជា​អ្នក​គាំទ្រ​របស់​ម៉ារ៉ុក​។ ​បន្ទាប់​ពី​​​ការ​ប្រកួត​ពន្យារ​ពេល និង​ពិនិត្យ​ឡើង​វិញ ​គ្រាប់​បាល់​ចុង​ក្រោយ​នោះ​​ស្ថិត​ក្នុង​ជំហរ​ Offside ដែល​ធ្វើ​ឲ្យ​អាជ្ញាកណ្ដាល​បាន​សម្រេច​ចិត្ត​ដក​គ្រាប់​បាល់​ចុង​ម៉ោង​នោះ​ចេញ​ ហើយ​ក៏​បន្ត​ការ​ប្រកួត​​៣​នាទី​ចុង​ក្រោយ​​។ ​លុះ​បញ្ចប់​ក៏​សម្រេច​ថា ក្រុម​​អាហ្សង់ទីន​ចាញ់​ម៉ារ៉ុក ២-១​។

ក្រោយ​ការ​ប្រកួត​គ្រូ​បង្វឹក​របស់​​អាហ្សង់ទីន​លោក Javier Mascherano បាន​និយា​យ​​ថា «​​​បើ​គិត​ទៅ​ខ្ញុំ​ធ្វើ​គ្រូ​នេះ​មិន​យូរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​មិន​ដែល​ឃើញ​ស្ថាន​ភាព​បែប​នេះ​ដែរ​​ក្នុង​អាជីព​របស់​ខ្ញុំ​​​កាល​ខ្ញុំ​នៅ​ជា​កីឡាករ​នោះ​។ វា​មើល​ទៅ​ដូច​​ជា​ថ្លុក​កំប្លែង​ ហើយ​មិន​ដឹង​ថា ​ហេតុ​​អី​​បាន​ត្រូវ​ដក​គ្រាប់​បាល់​​​​ វា​ជា​រឿង​ដ៏​ហួស​ចិត្ត​។ ​យើង​គ្មាន​​ជម្រើស​​ទេ…​តែ​យ៉ាង​ណា​ខ្ញុំ​បាន​ប្រាប់​ទៅ​កូន​​ក្រុម​ខ្ញុំ​ហើយ​​​យើង​សំឡឹង​រក​៦​ពិន្ទុ​នៅ​សល់​ ដើម្បី​ធ្វើ​យ៉ាង​ណា​​នៅ​តែ​អាច​បន្ត​ទៅ​វគ្គ​បន្ត​»។
​​​​​​​​​​​​​​​​​​​​
គ្រូ​បង្វឹក​ដដែល​បន្ថែម​ថា ដំបូង​យើង​គិត​ថា​មិន​ចង់​លេង​បន្ត​ទេ​ ​ប៉ុន្តែ​អ្នក​រៀបចំ​​បាន​កោះហៅ​ឲ្យ​ចូល​ប្រកួត​​។ វា​ជា​ការ​ប្រកួត​មួយ​ដ៏​អាម៉ាស់​ ដែល​មើល​ទៅ​ហាក់​ដូច​ជា​លេង​តាម​ភូមិ-​​ឃុំ​យ៉ាង​ម៉េច​មិន​ដឹង​ទេ​៕

Most Popular

To Top