ភ្នំពេញ ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ និងលោក ហួត សេងទ្រី អនុប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញ ចូលរួមចូល រួមពិធីបើកវគ្គបំប៉ន ដល់មន្ត្រីគ្រប់គ្រង ការប្រកួត អាជ្ញាកណ្តាល ចៅក្រម កីឡាប្រដាល់គុនខ្មែរចាប់ថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ នៅសាលប្រជុំនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ។

លោក ហេង សុឃន អគ្គលេខាធិការបាននិយាយថា វគ្គបំប៉នមន្ត្រី គ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់ គុនខ្មែរមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីពង្រឹងនូវធនធានមនុស្ស ពង្រឹងនូវបច្ចេកទេស ជំនាញ និងក្រមសីលធម៌ ដើម្បីប្រសិទ្ធភាពការងារ កាត់បន្ថយ បញ្ហាប្រឈមនានា ដែលតែងតែផ្តើម ចេញ ពីការអនុវត្តមិនគ្រប់ជ្រុងជ្រោយរបស់មន្ត្រីយើង ក្នុងរយៈពេលកន្លងមក។ ជាពិសេសដើម្បីឆ្លើយតបទៅនឹង គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោកបានបន្តថា សព្វថ្ងៃនេះសហព័ន្ធកីឡាប្រដាល់គុនខ្មែរមានមន្ត្រីគ្រប់គ្រងការប្រកួត គណៈវិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេសគ្រប់ជំនាញទាំងអស់ក៏ដោយ ក៏នៅមានការខ្វះខាត ធ្វើឲ្យមានការមិនសប្បាយ ចិត្តពីភាគីម្ខាងទៀត និងពីមហាជនគាំទ្រ នូវវិស័យកីឡាប្រដាល់គុនខ្មែររបស់យើងផងដែរ។ ដើម្បីធ្វើការលុបបំបាត់ នូវបញ្ហាខ្វះខាត់ទាំងឡាយនេះ សហព័ន្ធបានធ្វើកំណែទម្រង់ និងធ្វើការកែសម្រួលនូវបទបញ្ជា បច្ចេកទេសគ្រប់គ្រងការ ប្រកួតឲ្យស្របគ្នា តាមស្នង់ដារតែមួយ។

វគ្គបំប៉នដល់មន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរថ្ងៃនេះ មានសិក្ខាកាម ចូលរួមសរុបមាន ចំនួន១៨០នាក់ និងនារីមានចំនួន១៤នាក់ ក្នុងនោះមានគ្រូបង្គោល ដែលមានបទពិសោធ ផ្នែកកីឡាជាច្រើនឆ្នាំ មានចំនួន០១រូប និងគ្រូឧទ្ទេស ដែលមានជំនាញ កីឡាច្បាស់លាស់ចំនួន៣រូប ក្នុងការធ្វើបទបង្ហាញនិងបង្រៀន ក្នុងវគ្គបណ្តុះបណ្តាលនេះ ៕






