ភ្នំពេញ ៖ ឧកញ៉ា គួច ហុងចៀក អនុប្រធានសហព័ន្ធខ្មែរ កីឡាហាប់គីដូ តំណាងប្រធានសហព័ន្ធលោកឧកញ៉ា សៅ សេងហាក់នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានជួបសំណេះ សំណាល ជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីហាប់គីដូ ផ្ដល់កម្លាំងចិត្ត និងប្រគល់ថវិកា ឧបត្ថម្ភត្រៀម ចេញទៅចូលរួមការប្រកួតកីឡា ហាប់គីដូ ជើងឯកពិភពលោកនៅប្រទេសថៃ ថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤ ។

ឧកញ៉ា គួច ហុងចៀក បានមានប្រសាសន៍ថា ក្រុមកីឡាករ-កីឡាការិនី ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទាំងការធ្វើដំណើរ ហូបចុក និងការត្រៀម លក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ នៅពេលប្រកួតជាដើម ។ លោកឧកញ៉ាសម្ដែង នូវការសប្បាយ រីករាយជាខ្លាំង ដែលថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ខំប្រឹងប្រែងស្វះស្វែងជួយគ្នា ឲ្យបានចេញទៅប្រកួតលើកទី១ ជាប្រវត្តិសាស្ត្រ របស់កីឡា ហាប់គីដូកម្ពុជា លើឆាកអន្តរជាតិនេះ ។

អនុប្រធានខាងលើ ថ្លៃអំណរគុណ ដល់គ្រូបង្វឹកទាំងអស់ ដែលខំប្រឹងបង្ហាត់បង្រៀន និងចម្រាញរកបានជើង ខ្លាំងលេចធ្លោទាំង ១៩នាក់ទៅចូលរួមប្រកួត នៅថៃលើកនេះ ។ បើទោះជាលទ្ធផលយ៉ាងណា គឺលោកឧកញ៉ាក៏ដូចជាសហព័ន្ធ ទាំងមូលទទួលជានិច្ច ព្រោះជាការចេញទៅលើកទី១ ដូច្នេះវាថ្មីសម្រាប់កីឡាករ-កីឡាការិនី ។

ថ្នាក់ដឹកនាំខាងលើ បន្ថែមទៀតថា ការចេញ ទៅប្រកួតលើកទី១ នេះនឹងធ្វើឲ្យក្រុមកីឡាហាប់គីដូកម្ពុជា ទទួលបានបទ ពិសោធ ចំណេះដឹងបានច្រើន ដើម្បីពង្រឹងសមត្ថភាព អភិវឌ្ឍន៍ចំណុចខ្វះខាត ដើម្បីឆ្ពោះទៅការប្រកួតប្រជែង មេដាយកម្រិតអន្តរជាតិ នាឱកាសក្រោយៗទៀត ។

ក្រៅតែពីការជួបសំណេះសំណាលហើយនោះ សហព័ន្ធបានប្រគល់ថវិកា ឧបត្ថម្ភពីក្រុមហ៊ុនឡារីតា (Larryta Express) និងថវិការបស់គណៈកម្មាធិការ ប្រតិបត្តិដល់ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ។ សហព័ន្ធខ្មែរកីឡាហាប់គីដូ នឹងចេញទៅប្រកួតជើងឯកពិភពលោក (World I.H.F Hapkido Championships 2024) ប្រទេសថៃ នៅថ្ងៃទី១ ដល់ ៤ ខែសីហា ឆ្នាំ២០២៤ ។ កម្ពុជានឹងបញ្ជូនកីឡាករ ១១នាក់ កីឡាការិនី ៨នាក់ និងប្រតិភូ គ្រូបង្វឹក សរុប ២៤នាក់៕


