ស្លូវ៉ាគី៖ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Tomas Taraba បានប្រកាសដកខ្លួនចេញពីពិធីបិទដោយអះអាងថា ពិធីបើកព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពីកទីក្រុងបារីសកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៤ បានរំលោភលើភាពស្រស់ស្អាតនៃកីឡាទៅហើយ ដោយសារបង្ហាញសកម្មភាពមិនគោរពដល់ពួកគ្រីស្ទានយោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។
ឧបនាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Tomas Taraba បានប្រកាសថា លោកនឹងមិនតំណាងប្រទេសរបស់លោក ក្នុងពិធីបិទការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសនោះទេ។ លោក Taraba ស្ថិតក្នុងចំណោមមនុស្សជាច្រើនដែលបានរិះគន់ពិធីបើកការប្រកួតកីឡារដូវក្តៅឆ្នាំ ២០២៤ កាលពីថ្ងៃសុក្រថា ជាការមិនគោរពដល់ពួកគ្រីស្ទាន។
មន្ត្រីស្លូវ៉ាគីបានសរសេរនៅលើទំព័រ Facebook ផ្ទាល់ខ្លួនរបស់លោកថា ខ្ញុំ ត្រូវបានគេសន្មត់ថា ជាអ្នកតំណាងប្រទេសស្លូវ៉ាគីចូលរួមក្នុងពិធីបិទ ប៉ុន្តែសម្រាប់ពិភពលោក កីឡាអូឡាំពិកនេះនឹងនៅតែជានិមិត្តសញ្ញានៃភាពអាប់អួរដែលបំពានលើភាពស្រស់ស្អាតនៃកីឡា ហើយបានប្រែក្លាយវាទៅជាល្ខោននយោបាយដែលកំពុងរីកចម្រើន ។ ដូច្នេះហើយ ខ្ញុំបានសម្រេចចិត្តមិនចូលរួមក្នុងពិធីបិទតែម្តង។
លោក Taraba ក៏បានចង្អុលបង្ហាញថា ពិធីបើកបង្ហាញសកម្មភាពដ៏គួរឲ្យអាម៉ាស់ ឥឡូវត្រូវបានលុបចេញពីប្រព័ន្ធអ៊ីនធើណេតដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ។ លោកបានសរសេរនៅលើ X (អតីត Twitter) ថា ការប្រមាថចំពោះគ្រិស្តសាសនា និងការប្រមាថមើលងាយបានឈានដល់កម្រិតមួយ ដែលពួកគេបានធ្វើឲ្យប៉ះពាល់ដល់ពិភពលោកទាំងមូល ដោយយល់ពីភាពខុសគ្នារវាងវប្បធម៌ និងសំរាម៕