ក្រុមបាល់ទាត់បុរសអាមេរិក ធ្វើបានរឿងដ៏អស្ចារ្យមួយសម្រាប់ពួកគេ ដោយបំបែកកំណត់ត្រាឡើងទៅកាន់វគ្គ៨ចុងក្រោយជាលើកដំបូងក្នុងរយៈពេល២៤ឆ្នាំ បន្ទាប់ពីយកឈ្នះទៅលើ ហ្គីណេ ៣-០ កាលពីយប់មិញនេះក្នុងព្រឹត្តិការណ៍អូឡាំពិក។
ក្រុមបាល់ទាត់អាមេរិកបុរសស្ថិតនៅពូល A ដោយរកបាន៦ពិន្ទុក្នុងនោះពួកគេឈ្នះទៅលើ នូវែលហ្សេឡង់ ៤-១ និងចុងក្រោយឈ្នះ ហ្គីណេ ៣-០ នេះឯង បើទោះជាចាញ់បារាំងនៅប្រកួតបើកឆាកក៏ដោយ។ ជ័យជម្នះ ៣ -០ លើ ហ្គីណេ រកបានដោយ Kevin Paredes ២គ្រាប់ និង Djordje Mihailovic រកបាន១គ្រាប់។
ការខកខានឡើងមកកាន់វគ្គ៨ក្រុមចុងក្រោយនេះអស់រយៈពេល២៤ឆ្នាំមកហើយ បន្ទាប់ពីពួកគេធ្វើបានលើកចុងក្រោយកាលឆ្នាំ២០០០ នៅទីក្រុងស៊ីដនីប្រទេសអូស្ត្រាលី។ ដោយកាលនោះគេឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក៏ចាញ់អេស្ប៉ាញ៣-១ បន្ទាប់មកបន្តប្រកួតដណ្ដើមយកលេខ៣ក៏ចាញ់ ឈីលី ២-០ ទៀត។ បញ្ចប់កាលនោះU23 USA ឈរនៅលេខ៤។
ដោយឡែកមកកាន់អូឡាំពិកឆ្នាំ២០២៤ នៅបារាំងនេះវិញ U23 USA នឹងត្រូវតទល់ជាមួយ ម៉ារ៉ុក ដែលឡើងមកពីលេខ១នៅពូល B ដោយត្រូវប៉ះគ្នានាថ្ងៃសុក្រនេះ។ ខណៈដែលបារាំងលេខ១មកពីពូល A ប៉ះ អាហ្សង់ទីន អ្នកលេខ២មកពីពូល B ស្របពេលដែលអ្នកលេខ១មកពីពូល C អេហ្ស៊ីប ប៉ះ ប៉ារ៉ាហ្គាយ អ្នកលេខ២មកពីពូល D និង ជប៉ុន ប៉ះអេស្ប៉ាញ៕