ក្រុមហ៊ុន Honda នឹងបិទរោងចក្រផលិតរថយន្ត២កន្លែងនៅក្នុងប្រទេសចិន ដើម្បីកាត់បន្ថយចំនួនផលិតរបស់ខ្លួន។ យ៉ាងណាមិញ វាមិនមែនជាការចុះខ្សោយរបស់ Honda ឡើយ ពោលគឺជាយុទ្ធសាស្រ្តថ្មី ដែលបន្ថយចំនួនរថយន្តចំហេះក្នុង ហើយត្រៀមជំរុញ រថយន្តអគ្គិសនីនៅក្នុងប្រទេសនេះវិញ ដើម្បីអាចប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនរថយន្តអគ្គិសនីចិនផ្សេងៗ។
គួរដឹងថា Honda នឹងបិទរោងចក្ររថយន្តចំហេះក្នុងដែលសហការជាមួយ GAC នៅខែតុលាឆ្នាំ២០២៤ និងរោងចក្រដែលសហការជាមួយ Dongfeng នៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ។ បន្ទាប់ពីបិទរោងចក្រទាំងពីរនេះ ចំនួនរថយន្តនឹងត្រូវកាត់បន្ថយពី ១,៤៩គ្រឿង មកត្រឹម ១,២លានគ្រឿង។
ជាមួយគ្នានោះ Honda នឹងជំរុញបន្ថែមទៀតលើរថយន្តអគ្គិសនីនៅក្នុងប្រទេស ដោយនឹងអភិវឌ្ឍឡើងនៅរោងចក្រមួយដែលសហការជាមួយ Dongfeng។ រោងចក្រ EV នេះ ស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ ដោយគ្រោងប្រតិបត្តិការនៅខែកញ្ញាខាងមុខ និងរោងចក្រ EV ដែលសហការជាមួយ GAC នឹងអាចដំណើរការផលិតកម្មបាននៅអំឡុងខែវិច្ឆិកាខាងមុខ។

នៅពេលរោងចក្រ EV ថ្មីដំណើរការពេញលេញ Honda នឹងបង្កើនសមត្ថភាពផលិតរថយន្តរបស់ខ្លួនក្នុងប្រទេសចិនឡើងវិញ ឱ្យបានចំនួន ១,៤៤លានគ្រឿងវិញ (រថយន្តចំហេះក្នុង + រថយន្តអគ្គិសនី) ដែលជាការតាំងចិត្តរក្សាវត្តមានរបស់ខ្លួនក្នុងទីផ្សារប្រទេសចិន។
គួរដឹងថា ក្នុងពាក់កណ្តាលឆ្នាំ២០២៤នេះ Honda លក់រថយន្តនៅក្នុងប្រទេសចិន បានចំនួនជាង ៤១,៥ម៉ឺនគ្រឿង ធ្លាក់ចុះ ២១,៤៨ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
ប្រភព៖sabay
