កីឡាការិនីជិះសេះ Jill Irving គឺជាអត្តពលិកចាស់ជាងគេដែលមានវ័យ៦១ឆ្នាំនាងបានចូលរួមការប្រកួតកីឡាជិះសេះក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីសប្រទេសបារាំង ខណៈដែលកុមារីជិះស្គីរបស់ចិន Zheng Haohao ជាកីឡាការិនីក្មេងជាងគេដែលមានវ័យ១១ឆ្នាំ និង១១ខែប៉ុណ្ណោះ។
គេដឹងថា អ្នកដែលអាចចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកបានមិនមែនជារឿងងាយស្រួលឡើយ ព្រោះតែត្រូវឆ្លងកាត់ការប្រកួតប្រជែងខ្លាំងណាស់ ខណៈដែលចិន និងកាណាដា នេះមិនមានសិទ្ធអនុគ្រោះដូចប្រទេសកម្ពុជាឬប្រទេសតូចៗមួយចំនួនឡើយ ពួកគេសុទ្ធតែឆ្លងកាត់ការប្រកួតប្រជែងវគ្គជម្រុះទៅ។ អ្វីដែលធ្វើឲ្យគេស្ងើចសរសើរនោះគឺអ្នកទាំងពីរមានវ័យខុសពីធម្មតា ប៉ុន្តែមានសមត្ថភាពអាចឡើងមកប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកបាន។
កុមារី Zheng Haohao បានជាប់ជាអ្នកទី២ក្នុងប្រវត្តិសាស្ត្ររបស់អូឡាំពិក ខណៈដែលអ្នកដែលក្មេងជាងគេលេខ១ក្នុងប្រវត្តិសាស្ត្ររបស់អូឡាំពិកនោះគឺអត្តពលិកកាយសម្ពន្ធរបស់ប្រទេសក្រិក Dimitrios Loundras ដែលបានចុះផ្សាយក្នុងវេបសាយរបស់អូឡាំពិកថា គេមានវ័យ១០ឆ្នាំ និង២១៨ថ្ងៃ ហើយបានចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកកាលឆ្នាំ១៨៩៦។
សម្រាប់កីឡាការិនី Jill Irving វិញនេះជាការចូលរួមលើកទី១ក្នុងព្រឹត្តិការណ៍អូឡាំពិក បើទោះបីជាគេបានចាប់ផ្ដើមហ្វឹកហាត់កីឡាជិះសេះតាំងពីក្មេងមកក៏ដោយ។ គេដឹងថា ក្នុងព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះនៅបារាំងមានអ្នកជិះសេះម្នាក់ទៀតដែលចាស់ជាង Jill Irving ទៅទៀតគឺកីឡាការិនីអូស្ត្រាលី Mary Hanna ប៉ុន្តែនាងមិនអាចចូលរួមប្រកួតប្រជែងបានទេ ព្រោះនាងមានឈ្មោះស្ថិតនៅបញ្ជីបម្រុង ដរាបណាមិត្តរួមក្រុមរបស់នាងឈឺ ឬរបួសទើបនាងអាចចូលប្រកួតជំនួសបាន។
ក្នុងរបាយការណ៍របស់អូឡាំពិកអ្នកដែលចាស់គេក្នុងប្រវត្តិសាស្ត្រអូឡាំពិកគឺអ្នកបាញ់កាំភ្លើង Oscar Swahn របស់ប្រទេសស៊ុយអែតដែលមានវ័យ៧២ឆ្នាំ ហើយគេបានចូលរួមការប្រកួតបាញ់កាំភ្លើងកាលអូឡាំពិកឆ្នាំ១៩២០ នៅ Antwerp ៕
ប្រភព៖sabay