ភ្នំពេញ៖លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងលោក តែម ម៉ឺន ប្រធានកិតិ្តយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានអញ្ជើញចូលរួមការបិទវគ្គបំប៉នមន្រ្តីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រម កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ។

លោក ខូវ ឆាយ បានបង្ហាញពីក្ដីសង្ឃឹមថា វគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្ដាល ចៅក្រមនឹងអាចជួយកាត់បន្ថយការចម្រូងចម្រាសនៅតាមសង្វៀនប្រដាល់នានាបានមួយផ្នែកធំ។ វគ្គបំប៉ននេះមិនមានអ្វីថ្មីប្លែកមកពីណាទេ គ្រាន់តែយើងយកចំណុចមួយចំនួនមកកែតម្រូវខ្លះៗ ដើម្បីឲ្យវាមានការធ្វើសមាហរណកម្មឲ្យស្របទៅហ្នឹងបទបញ្ជាបច្ចេកទេសការរប្រកួតជាសកល។


លោកបានបន្តថា យើងក៏បានដកស្រង់ពីបទបញ្ជារបស់យើងចាស់ៗពីជំនាន់ដើមមក ហើយក៏បានសិក្សាស្វែងរកនូវការកែប្រែមួយចំនួន ដើម្បីធ្វើម៉េចរៀបចំឲ្យមានបទដ្ឋានឲ្យមានជាសកល។ យើងឃើញថា អ្វីដែលយើងបានយកមកបណ្ដុះបណ្ដាលនាថ្ងៃនេះគឺជឿជាក់ថា បន្ទាប់ពីបានរៀនហើយ យើងទាំងអស់គ្នានឹងមានចំណេះដឹងដូចគ្នា មានការយល់ឃើញដូចគ្នា ឬប្រហាក់ប្រហែលគ្នា អាចឲ្យយើងយកទៅអនុវត្តន៍ក្នុងការរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរយើងមានភាពស៊ីចង្វាក់គ្នា មានភាពរួបរួមគ្នាជាធ្លុងមួយក្នុងការដឹកនាំឲ្យបានជោគជ័យទៅតាមផែនការរបស់យើង។

វគ្គបំប៉នមន្ត្រីគ្រប់គ្រងការប្រកួត អាជ្ញាកណ្តាល ចៅក្រមកីឡាប្រដាល់គុនខ្មែរ មានសិក្ខាកាម ចូលរួមសរុបមានចំនួន១៨០នាក់ និងនារីមានចំនួន១៤នាក់ ក្នុងនោះមានគ្រូបង្គោលដែលមានបទពិសោធ ផ្នែកកីឡាជាច្រើនឆ្នាំ មានចំនួន០១រូប និងគ្រូឧទ្ទេសដែលមានជំនាញកីឡាច្បាស់លាស់ចំនួន៣រូប ក្នុងការធ្វើបទបង្ហាញនិងបង្រៀនក្នុងវគ្គបណ្តុះបណ្តាលនេះ។ វគ្គបំប៉ន មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ជាថវិកាគាំទ្ររបស់ក្រសួង អប់រំ យុវជន និងកីឡា ឆ្នាំ២០២៤ ៕

