រាល់ការប្រកួតធំៗខ្នាតអូឡាំពិក ប្រទេសភាគច្រើនបានសន្យាផ្ដល់រង្វាន់ជាសាច់ប្រាក់ទៅកាន់អត្តពលិក ឬ កីឡាកររបស់ខ្លួនដែលឈ្នះមេដាយនានា។ ជាក់ស្ដែងនៅក្នុងព្រឹត្តិការណ៍អូឡាំពិកប៉ារីស២០២៤នេះ ប្រទេសមួយចំនួនដូចជា ដែនដីហុងកុង និងសិង្ហបុរីផ្ដល់រង្វាន់ជូនកីឡាកររបស់ខ្លួនរហូតដល់ទៅខ្ទង់ជិត ១លានដុល្លារអាមេរិក ប្រសិនបើឈ្នះមេដាយមាស។

យ៉ាងណាមិញ ក៏មានប្រទេសមួយចំនួនមិនផ្ដល់រង្វាន់អ្វីសោះជូនកីឡាកររបស់ខ្លួនផងដែរ។ ប្រទេសទាំងនោះរួមមាន ចក្រភពអង់គ្លេស អ៊ីស្លង់ នូវែលហ្សេឡង់ ន័រវែស និងស៊ុយអែត។

ទោះជាបែបនេះក្ដី ប្រទេសទាំង៥ខាងលើនេះបានផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ដើម្បីបំពាក់បំប៉នអត្តពលិក ឬ កីឡាកររបស់ខ្លួនមុនពេលនឹងប្រកួតអូឡាំពិកមកដល់។

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Forbes អគ្គលេខាធិការអូឡាំពិកស៊ុយអែតបាននិយាយថា៖ «យើងធ្វើយ៉ាងណាចង់ឱ្យកីឡាកររបស់យើងទទួលបានការគាំទ្រមុនការប្រកួតចាប់ផ្ដើម ដើម្បីពួកគេមានទឹកចិត្តខិតខំយកជ័យជម្នះ»។

យ៉ាងណាមិញ ក្នុងករណីដូចជាចក្រភពអង់គ្លេសជាដើម កីឡាករនីមួយៗទទួលបានប្រាក់បន្ថែមលើកទឹកចិត្តចំនួន ៣៦ ០០០ដុល្លារក្នុងមួយឆ្នាំ បើតាមប្រភពមួយចំនួន៕
