កីឡា

ការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ មាន៣៦ ប្រភេទកីឡា

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំ នាយបេសកកម្មលើកទី១នៃការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ នៅសាលប្រជុំមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ។

នាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡា ចំណុះអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡាសហការជាក្រសួង៣ និងសហព័ន្ធកីឡាជាតិទាំង ៣៦ រៀបចំ “ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤” ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកែប ស្វាយរៀង ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” ដោយមានចំនួន៣៦ប្រភេទកីឡា។

លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡាបានប្រាប់ឲ្យដឹងថា ការប្រកួតនេះផងដែរ សំដៅប្រកួត និងជាការសាកល្បង វាស់ស្ទង់ គុណផលកីឡាជាតិ និង ហ្វឹកហ្វឺន មន្ត្រីជំនាញកីឡាឲ្យមានចំណេះដឹងនិង បទពិសោធន៍គ្រប់គ្រាន់ ជាពិសេសដើម្បីផ្តល់ឱកាស ដល់សហព័ន្ធកីឡាជាតិទាំងអស់ បានដាក់មន្ត្រីបច្ចេកទេស ដែលបានបណ្តុះបណ្តាល រួចឲ្យអនុវត្តការរៀបចំប្រកួតជាក់ស្ដែងលើទីលានប្រកួត ទទួលបានចំណេះដឹង និងបទពិសោធន៍ ។

លោកបានបន្តថា កីឡាករ-កីឡាការិនីបានវាស់ស្ទង់គុណផលកីឡា និងទទួលបានបទពិសោធន៍នៃការប្រកួត រៀបចំទីលានប្រកួតឲ្យស្របតាមស្តង់ដារតំបន់ រៀបចំពិធីបើក និងបិទឲ្យស្របតាមស្តង់ដារការប្រកួតជាការសាកល្បងសម្រាប់ត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡា The 5th Asian Youth Games 2029 ក្នុងន័យ ការរៀបចំពិធី «បើក» «បិទ» បដិសណ្ឋារកិច្ចឱ្យបានល្អ និង ការដណ្តើមមេដាយ ការរៀបចំបច្ចេកទេស ប្រកួតឲ្យមានតម្លាភាព ស្អាតស្អំ និងយុត្តិធម៌ ស្របតាមអនុសាសន៍ដ៏ឧត្តុងឧត្តមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។

ការប្រកួតកីឡាជាតិឆ្នាំនេះមានប្រភេទកីឡា ចំនួន៣៦ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម មានវិញ្ញាសារចំនួន ៣២៨ ដោយឡែក សម្រាប់ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការ លើកទី២ មាន០៧ ៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ និង អុកជនពិការ ហើយមានវិញ្ញាសារចំនួន ៤៥ សរុបរួមស្មើនឹង ៣៧៣វិញ្ញាសា ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចូលរួមប្រកួតសរុប ៤ ៨៥០ នាក់ ដែលអញ្ជើញមកពី ២៥ រាជធានី ខេត្ត និងក្រសួង០៣ (ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)។

ការប្រកួតនេះ ផងដែរ ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រសួង សុខាភិបាល និង មន្ទីរសុខាភិបាល រាជធានីភ្នំពេញ ដោយមាន រថយន្តសង្រ្គោះ បន្ទាន់ប្រចាំការពេលប្រកួត និងកន្លែងស្នាក់នៅ បន្ថែមពីនេះ ការចូលរួមឧបត្ថម្ភគាំទ្រ ពីក្រុមហ៊ុនមួយចំនួន ដែលនេះបានបង្ហាញ ពីភាពជាគំរូ និងការចូលរួមពីវិស័យឯកជន ក្នុងការជំរុញវិស័យកីឡាប្រទេសកម្ពុជា ឱ្យកាន់តែទទួលបានភាពសុសសាយ ការទទួលស្គាល់ ការគាំទ្រ និងភាពរីកចម្រើនជាបន្តបន្ទាប់ ៕

Most Popular

To Top