ខេត្តស្វាយរៀង៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍ ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និង ទូករ៉ូអ៊ីងជ្រើសរើស ជើងឯកថ្នាក់ជាតិ ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ បានអញ្ជើញ តំណាងក្លឹប និង សមាគមកីឡា កីឡាករ-កីឡាការិនី ប្រណាំងទូក ពីតាមបណ្ដាក្លិប សមាគម រាជធានីខេត្ត និង ក្រសួងស្ថាប័នចំនួន២៥ ការប្រកួត នេះគ្រោង ធ្វើឡើងរយៈពេល២ គឺ ថ្ងៃទី៣ និង ថ្ងៃទី៤ខែសីហា ឆ្នាំ២០២២៤នៅ ទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
លោកមបណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡា ទូកកានូ និង ទូករ៉ូអ៊ីងកម្ពុជា និងជាគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និង ទូករ៉ូអ៊ីងជ្រើសរើស ជើងឯកថ្នាក់ជាតិ ពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ក្នុងឆ្នាំនេះ មានការចូលរួម ពីសមាគម-ក្លិបកីឡាប្រណាំងទូក រាជធានី ខេត្ត ក្រសួង ស្ថាប័ន ចំនួន២៥ គឺមានការកើនឡើងលើសពីឆ្នាំកន្លងទៅ បើប្រៀបធៀបនឹងឆ្នាំ២០២៣ គឺមានត្រឹម តែ១៨ក្លិប សមាគមប៉ុណ្ណោះ ។ នេះជាការបង្ហាញពីការរីកចំរើន នៃវិស័យកីឡាប្រណាំងទូកកម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំ របស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ជាប្រធានសហព័ន្ធ ។
លោ្បណ្ឌិត មាស សារិន បន្ដថា មានវិញ្ញាសាជាច្រើនដែលគណៈកម្មការរៀបចំ ដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ចម្ងាយ ៨០០ម៉ែត្រ ៥០០ម៉ែត្រ និង ២០០ម៉ែត្រ ចំណុះ ១២នាក់ បុរស និង វិញ្ញាសា ២០០ម៉ែត្រ ចំណុះ ១២នាក់ នារី វិញ្ញាសាទូកផ្កាចារ ចម្ងាយ ៥០០ម៉ែត្រ ចំណុះ ៥នាក់ បុរស-នារី និង វិញ្ញាសា ២០០ម៉ែត្រ ចំណុះ ៥នាក់ បុរស-នារី។ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង មាន វិញ្ញាសាទូក កានូ ស៊ីវ័ន(C1) ២០០ម៉ែត្រ បុរស វិញ្ញាសាទូកកាយ៉ាក់ ខេវ័ន (K1) ២០០ម៉ែត្រ បុរស និង វិញ្ញាសា ទូករ៉ូអ៊ីង វ័នអ៊ិច (1X) ៨០០ម៉ែត្រ បុរស។
គួរបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រភេទកីឡាទូកប្រណាំង ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងអប់រំយុវជន និង កីឡាក្រោមកិច្ចសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកទាំងអស់ បញ្ចេញសមត្ថភាព និងវាស់ស្ទង់កំរិតបច្ចេក ទេស ដែលខ្លួនខិតខំហ្វឹកហាត់ និង ដើម្បី ជ្រើសបាន កីឡាករ-កិឡាការិនី មានទេពកោសល្យ ប្រកបដោយបច្ចេកទេសខ្ពស់ តំណាងឲ្យជាតិ ចូលរួម ប្រកួត ក្នុងព្រឹត្តិការណ៍កីឡា អន្ដរជាតិ នានា។
លោក អគ្គលេខាធិការ បានលើកឡើងថា ការលេងកីឡាសំខាន់គឺការចូលរួម មិនផ្ដោតទៅលើការចាញ់ឈ្នះជាសំខាន់នោះទេ ឲ្យតែបានចូលរួម ទោះជាចាញ់ឬឈ្នះក៏យើងអាចចាត់ទុកថាជាជោគជ័យ១ដែរ គឺយើងបានឈ្នះលើខ្លួនឯង មានការចូលរួមកាន់តែច្រើន ព្រឹត្តិការណ៍កីឡារបស់យើងកាន់តែជោគជ័យ វិស័យកីឡាប្រណាំងទូករបស់យើងកាន់តែរីកចំរើន៕
ដោយ៖ លី ភីលីព