ខេត្តសៀមរាប៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ថ្លែងក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤ នាមុខប្រាសាទអង្គរវត្ត, ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤។
លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់និងសេចក្តីសោមនស្សយ៉ាងក្រៃលែង ដោយបានទទួលការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ធ្វើជាអធិបតីក្នុងទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤។ ក្នុងនាម សម្តេចធិបតី នាយករដ្ឋមន្ត្រី ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ពិសេសអត្តពលិកជាតិ និងអន្តរជាតិ ដែលបានអញ្ជើញចូលរួមទិវារត់ប្រណាំង ម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ នៅមុខប្រាសាទអង្គរវត្ត នាព្រឹកនេះ។

លោកាបានបន្តថា អត្តពលិកជាតិ និងអន្តរជាតិជាទីគោរពរាប់អាន! ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី៩ ឆ្នាំ២០២៤នេះ បានស្រូបទាញអ្នកចូលរួមសរុបចំនួន ៣,០២១នាក់ ក្នុងនោះអត្តពលិកខ្មែរចំនួន ២,៦០០នាក់ និងអត្តពលិកអន្តរជាតិចំនួន ៨១៥នាក់ មកពី ៥១ប្រទេស ដែលប្រទេសចូលរួមច្រើនជាងគេ រួមមាន៖ ជប៉ុន, ចិន, វៀតណាម, ចក្រភពអង់គ្លេស និងថៃ។





ឆ្លៀតក្នុងឱកាសដ៏មហាឡារឹកនេះ ខ្ញុំសូមអំពាវនាវដល់ប្រិយមិត្តជាតិ-អន្តរជាតិទាំងអស់ចូលរួមអបអរសាទរ ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ “ព្រែកជីកហ្វូណនតេជោ” នាថ្ងៃស្អែកនេះ ដែលជាព្រែកជីកប្រវត្តិសាស្ត្រ ក្រោម គំនិតផ្តួចផ្តើម របស់ សម្តេចតេជោ ហ៊ុន សែន ហើយបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោមស្មារតី “គម្រោងរបស់ខ្មែរទាំងអស់គ្នា ដោយខ្មែរ និងដើម្បីខ្មែរគ្រប់រូប៕
ដោយ៖ លី ភីលីព
