ស្វាយរៀង៖ លោក សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធ បានអញ្ជើញចូលរួមក្នុងពិធីបើក ការប្រកួតកីឡាទូកប្រណីខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤» នៅបរិវេណទន្លេវ៉ៃគោ ក្រុងស្វាយរៀង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៤។
ថ្លែងក្នុងពិធីបើកការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ លោក សរ សិទ្ធិ សំណូមពរទៅកាន់កីឡាករ-កីឡាការិនីដែលបានចូលរួមការប្រកួតពានរង្វាន់ លោក អភិសន្តិបណ្ឌិត សរ សុខា លើកទី១ នេះឱ្យគោរពនូវគោលការណ៍យុត្តិធម៌ មិនបំពានលក្ខខណ្ឌបច្ចេកទេស និងបទបញ្ជានៃការប្រកួត ព្រោះកីឡាមិនមែនដើម្បីតែចាញ់ ឬឈ្នះនោះទេ តែកីឡាគឺដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព។ បន្ថែមពីលើនោះទៀត ឯកឧត្តមអនុប្រធានសហព័ន្ធទី២ ចាត់ទុកការរៀបចំព្រឹត្តិការណ៍កីឡាទូករៀងរាល់ឆ្នាំ គឺដើម្បីចូលរូមលើកកម្ពស់ និងអភិវឌ្ឈវិស័យកីឡាប្រណាំងទូកនៅកម្ពុជា ក៏ដូចជាការបង្កើតភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋទាំងមូលផងដែរ។
លោ សរ សិទ្ធិ ក៏បានអំពាវនាវមហាជនចូលរួមគាំទ្រ លើកទឹកចិត្តដល់វិស័យកីឡាទូកនេះ ដែលជាកេរ្តិ៍មរតកវប្បធម៌ប្រពៃណីរបស់ខ្មែរ និងចូលរួមអភិរក្សដើម្បីភាពរីកចំរើនបន្ថែមទៀត។ លោកចាត់ទុកការប្រកួតកីឡាប្រណាំងទូកនៅខេត្តស្វាយរៀងនេះ ជាឱកាសសម្រាប់អ្នកស្នេហាវិស័យកីឡាទូកនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានចូលរួមប្រកួតប្រជែង ដណ្តើមជ័យជំនះ និងបានបញ្ចេញទេពកោសលសមត្ថភាពក្រុមរៀងៗខ្លួន។
លោក សរ សិទ្ធិ ក៏បានកោតសរសើរចំពោះការរៀបចំរបស់គណៈកម្មការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលប្រព្រឹត្តទៅដោយរលូនល្អ ក្រោមកិច្ចសហប្រតិបត្តិការជួយជ្រោមជ្រែងពីរដ្ឋបាលខេត្តស្វាយរៀង ពិសេសគ្រប់ផ្នែកគឺទទួលខុសត្រូវបានល្អ អ្វីដែលពិសេសទៀតនោះគឺការចូលរួមទស្សនាកម្សាន្តពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងបានញ៉ាំងបរិយាកាសនៃការប្រកួតថ្ងៃទី០១នេះពោរពេញដោយស្នាមញញឹមសុខសន្តិភាព។
ដោយឡែកលោកប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាល ខេត្តស្វាយរៀង មានប្រសាសន៍ថា ការប្រកួតកីឡាទូកប្រណីខ្នាតអន្តរជាតិ ជ្រើសរើសជើងឯកថ្នាក់ជាតិ «ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ឆ្នាំ២០២៤នេះ មិនត្រឹមតែឳកាសនិងផ្តល់លទ្ធភាពឱ្យខេត្តស្វាយរៀងបានផ្សព្វផ្សាយអភិវឌ្ឍអំពីកីឡាប្រណាំងទូកឱ្យបានទូលំទូលាយស្រទាប់មហាជនប៉ុណ្ណោះនោះទេ ។វាថែមទាំងជួយបង្កើតនូវបរិយាកាសសប្បាយរីករាយបន្ថែម លើព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលរដ្ឋបាលខេត្ត បានរៀបចំសម្រាប់បងប្អូនប្រជាពលរដ្ឋលេងកំសាន្ត និងទស្សនាផងដែរ។ ទន្ទឹមនិងនេះ ស្របពេលដែលព្រះរាជណាចក្រកម្ពុជា នឹងបើការដ្ឋានសាងសងព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ សីហាខាងមុខនេះ ព្រឹត្តិការណ៍ការប្រកួតប្រណាំងទូកនាពេលនេះ គឺជាការបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋនៃខេត្តស្វាយរៀងនិងថ្នាក់ដឹកទាំងអស់បានចូលរួមអបអរសាទរនៅគម្រោងព្រែកជីកជាប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជា។ ប្រជាពលរដ្ឋដែលមកទស្សនាការប្រកួតកីឡាប្រណាំងទូកបានបង្ហាញអារម្មណ៍រីករាយ ដែលព្រឹត្តិការណ៍ប្រណាំងទូកមានវត្តមាននៅខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ការប្រកួតកីឡាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ«ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត សរ សុខា លើកទី១ ឆ្នាំ២០២៤» ប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២ ដល់ទី០៤ ខែសីហា ឆ្នាំ២០២៤ ដោយមានក្លិប សមាគមូលរួមចំនួន ២៥មកពីក្រសួង រាជធានី-ខេត្ត។ ប្រតិភូគ្រូបង្វឹកកីឡាករ-កីឡាការិនីចូលរួមសរុបមានចំនួន ៤៤០នាក់ ក្នុងនោះមាននារី ៦៩នាក់ ដែលលេងលើ ១១វិញ្ញាសា៕