កីឡា

ក្រុមកីឡាទូកកងទ័ពជើងទឹក គ្រងតំណែងជើងឯកនៃការប្រកួតកីឡា ប្រណាំងទូកជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ និងពានរង្វាន់អភិសន្ដិបណ្ឌិត នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ក្រុមកីឡាទូកកងទ័ពជើងទឹកដណ្តើមបានមេដាយមាស ៥ គ្រឿងនៃព្រឹត្តិការណ៍ប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និង ទូករ៉ូអ៊ីងជ្រើសរើស ជើងឯកថ្នាក់ជាតិ ពានរង្វាន់លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ការប្រកួតនេះធ្វើឡើង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។


នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកផ្កាចារ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា” លើកទី១ ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។


ក្រុមកីឡាទូកកងទ័ពជើងទឹកដណ្តើមបានមេដាយមាស ៥ គ្រឿង និងមេដាយប្រាក់ ២ គ្រឿងគ្រងតំណែងជើងឯកប្រចាំឆ្នាំ ក្រុមកីឡាទូកក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ២ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿងបានត្រឹមគ្រងតំណែងជើងឯករង និងក្រុមកីឡាទូកក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដណ្តើមបានមេដាយមាស ២ គ្រឿង។


ចំណែកក្រុមកីឡាទូខេត្តកណ្តាលដណ្តើមបានមេដាយមាស ១ គ្រឿង មេដាយប្រាក់៤ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង ក្រុមកីឡាទូខេត្តបន្ទាយមានជ័យ និងខេត្តកោះកុង ដណ្តើមបានមេដាយមាស ១ គ្រឿង និងមេដាយប្រាក់ ១ គ្រឿង និងក្រុមកីឡាទូខេត្តព្រៃវែងដណ្តើមបានមេដាយប្រាក់ ១ គ្រឿងនិងមេដាយសំរិទ្ធ ១ គ្រឿង។


ការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និង ទូករ៉ូអ៊ីងជ្រើសរើស ជើងឯកថ្នាក់ជាតិ ពានរង្វាន់ លោកអភិសន្តិបណ្ឌិត ស សុខា លើកទី១ ក្នុងឆ្នាំនេះ មានការចូលរួម ពីសមាគម-ក្លិបកីឡាប្រណាំងទូក រាជធានី ខេត្ត ក្រសួង ស្ថាប័ន ចំនួន២៥ គឺមានការកើនឡើងលើសពីឆ្នាំកន្លងទៅ បើប្រៀបធៀបនឹងឆ្នាំ២០២៣ គឺមានត្រឹម តែ១៨ក្លិប សមាគមប៉ុណ្ណោះ ។ នេះជាការបង្ហាញពីការរីកចំរើន នៃវិស័យកីឡាប្រណាំងទូកកម្ពុជា ក្រោមការគ្រប់គ្រងដឹកនាំ របស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ជាប្រធានសហព័ន្ធ ។


នេះជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ប្រភេទកីឡាទូកប្រណាំង ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងអប់រំយុវជន និង កីឡាក្រោមកិច្ចសហការបច្ចេកទេស ជាមួយសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ដើម្បីផ្ដល់ឱកាសឲ្យអត្តពលិកទាំងអស់ បញ្ចេញសមត្ថភាព និងវាស់ស្ទង់កំរិតបច្ចេក ទេស ដែលខ្លួនខិតខំហ្វឹកហាត់ និង ដើម្បី ជ្រើសបាន កីឡាករ-កិឡាការិនី មានទេពកោសល្យ ប្រកបដោយបច្ចេកទេសខ្ពស់ តំណាងឲ្យជាតិ ចូលរួម ប្រកួត ក្នុងព្រឹត្តិការណ៍កីឡា អន្ដរជាតិ នានា៕

ដោយ៖លី ភីលីព

Most Popular

To Top