ភ្នំពេញ៖ ស្ថានីយទូរទស្សន៍អប្សរា មេឌា សឺវីស (AMS) ដែលជាទូរទស្សន៍ដ៏ល្បីក្នុងការផ្សព្វផ្សាយប្រដាល់គុនខ្មែរពីមុនបានវិលចូលក្នុងវិស័យប្រដាល់គុនខ្មែរឡើងវិញហើយ តាមរយៈការចាប់ដៃគូជាមួយក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ (KKIF) ដើម្បីជួយលើកស្ទួយ និងអភិឌ្ឍនវិស័យថ្នាលគុនខ្មែរ ។

នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ២០២៤ លោក លឹម ឃុនស្រ៊ន អគ្គនាយកក្រុមហ៊ុន អប្សរា និងលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបប្រដាល់គុនខ្មែរ KKIF បានចុះអនុស្សរណៈយោគយល់ (MOU) នៅផ្សារទំនើប Chip Mong Mega Mall 271 ដោយការអញ្ជើញជាសាក្សីពីសំណាក់លោក ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ
លោក លឹម ឃុនស្រ៊ន អគ្គនាយកក្រុមហ៊ុន អប្សរា ពិតជាមានមោទកភាព និងភាពរីករាយជាខ្លាំងដែលបានចាប់ដៃគូជាយុទ្ធសាស្ត្រជាមួយក្លឹបប្រដាល់ KKIF។

យើងនឹងធ្វើការផ្សាយចេញទូរទស្សន៍អប្សរា និង ហ្វេសបុកផេក AMS Sport នឹងជួយផ្សាយលើកម្មវិធីប្រកួតចំនួនពីរ គឺកម្មវិធីអាណាចក្រថ្នាលគុនខ្មែរ និងកម្មវិធីតេជះគុនខ្មែរ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។
ជាមួយគ្នានោះដែរនឹងបង្កើតមាតិកាជាច្រើនទៀតទាំងការហ្វឹកហាត់ ការប្រកួតនានាដើម្បីផ្សព្វផ្សាយឲ្យកាន់តែផុលផុសមិនថាក្នុងស្រុក ឬក្រៅស្រុកនោះទេ។ ទូរទស្សន៍អប្សរា នឹងរួមចំណែកអភិវឌ្ឍន៍ថ្នាលគុនខ្មែរជាមួយក្លឹបប្រដាល់ KKIF ឲ្យក្បាច់គុនមួយនេះកាន់តែរីកចម្រើនលើឆាកអន្តរជាតិ និងសំបូរទៅដោយធនធានតាមរយៈការបណ្ដុះបណ្ដាលរួមគ្នាចាប់ពីពេលនេះតទៅ។

ចំណែកលោកឧកញ៉ា ស្រី ចាន់ថន ប្រធានក្លឹបប្រដាល់គុនខ្មែរ KKIF បានលើកឡើងថា ជាយូរណាស់មកហើយដែរដែលលោក និងក្រុមការងារក្លឹបបានធ្វើសកម្មភាពផ្សព្វផ្សាយប្រដាល់គុនខ្មែរ និងថ្នាលគុនខ្មែរ ទៅកាន់ពិភពលោកដោយពេលខ្លះត្រូវចំណាយនូវថវិកាផ្ទាល់ខ្លួនជាច្រើន។

ឥលូវនេះលោកមានចិត្តសប្បាយរីករាយជាខ្លាំងចំពោះការសហការជាមួយទូរទស្សន៍ អប្សរា ដើម្បីរួមចំណែកពង្រីកផ្សព្វផ្សាយកេរមរតកក្បាច់គុនមួយនេះបន្ថែមទៀត។ លោកឧកញ៉ាថ្លែងអំណរគុណដល់សមាជិកភាគីទាំងពីរដែលខិតខំទំនាក់ទំនង និងធ្វើការជាមួយគ្នារហូតឈានដល់កិច្ចសហប្រតិបត្តិការចុះ MOU នេះឡើងដោយភាពរីករាយ៕
