ភ្នំពេញ៖ អនុប្រធានសហព័ន្ធហាប់គីដូកម្ពុជាលោក គួច ហុងជៀក តំណាងលោក សៅ សេងហាក់ ប្រធានសហព័ន្ធរួមទាំងគ្រូបង្វឹកលោក គង់ ចាន់ទីណា រួមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់បានសម្ដែងក្ដីរំភើបក្រៃលែង ក្រោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជេញសារអបអរសាទរចំពោះក្រុមអត្តពលិកដណ្ដើមបានមេដាយសរុប៤០គ្រឿងពីការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក (World I.H.F Hakido Championships) ឆ្នាំ២០២៤ នៅប្រទេសថៃ។

លោក គួច ហុងជៀក បានឲ្យដឹងថា លោកពិតជាកោតសរសើរដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីគ្រប់កម្រិត និងថ្នាក់ដឹកនាំដែលបានបំពេញបេសកកម្មដណ្ដើមបានមេដាយដ៏ច្រើនលើសលប់ជូនប្រទេសជាតិនូវភាពជោគជ័យដ៏សែនលើសលប់។ ផ្លែផ្កាដ៏ធំសម្បើមនេះ សហព័ន្ធក៏ចាប់ផ្ដើមមានពន្លឺដែលអាចមានលក្ខខណ្ឌដូចសហព័ន្ធកីឡាជាតិផ្សេងៗ ដោយអាចទទួលបានការជួយឧបត្ថម្ភដូចសហព័ន្ធកីឡាជាតិផ្សេងនៅថ្ងៃណាមួយជាក់ជាមិនខានឡើយ។

លោកអនុប្រធានបានបន្តថា ជាពិសេស សារសាទរពីសម្ដេចបវរធិបតីនេះ គឺលោកជឿថា សហព័ន្ធមួយនេះចាប់ផ្ដើមមានពន្លឺដុះឡើងបន្តិចម្ដងៗហើយ។ តាមរយៈសាររបស់សម្ដេចមហាបវរធិបតីនេះពិតណាស់បានសាយភាយទៅដល់ជនរួមជាតិមួយចំនួន ហើយបង្ហាញឲ្យឃើញពីភាពជោគជ័យដ៏ធំក្រៃលែងរបស់សហព័ន្ធដែលបានប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំ។

គង់ ចាន់ទីណា គ្រូបង្វឹករបស់សហព័ន្ធហាប់គីដូកម្ពុជាក៏បានលើកឡើងដែរថាភាពជោគជ័យនៅក្នុងការប្រកួតនាប្រទេសថៃនេះជាភាពជោគជ័យមួយលើសការរំពឹងទុកខ្លាំងមែនទែន។ មុនពេលចេញទៅសហព័ន្ធដាក់ក្ដីរំពឹងថា ធ្វើយ៉ាងណាយកមេដាយឲ្យបានត្រឹមមាស ៣ ទៅ៤ គ្រឿងគឺបានហើយ តែពេលនេះគឺបានរហូតដល់ទៅ១២គ្រឿងសម្រាប់មេដាយមាស។

លោកបន្ថែមថា បើទោះជាទទួលបានមេដាយដ៏ច្រើនក្រៃលែងមែន ប៉ុន្តែសហព័ន្ធនៅតែមិនរំពឹងខ្ពស់ក្នុងការទទួលបានការជួយឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា ឬពីរាជរដ្ឋាភិបាលនោះទេ ព្រោះគ្រប់លក្ខខណ្ឌក្នុងការគាំទ្ររបស់ក្រសួង គឺគាំទ្រដើម្បីត្រៀមប្រកួតដូចជា SEA GAME និង Asian Game ជាដើម។ ទោះជាយ៉ាងណាសហព័ន្ធនៅតែបន្តប្រឹងប្រែងបើទោះមិនមានការជួយឧបត្ថម្ភក៏កីឡាករ-កីឡាការិនីនៅតែប្រឹងប្រែងហ្វឹកហាត់៕
