កីឡា

អាមេរិក និងចិនឈ្នះមេដាយមាស ៤០ គ្រឿងដូចគ្នានៃការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤

ប៉ារីស៖ក្រុមកីឡាបាល់បោះនារីអាមេរិកបានជួយឲ្យប្រទេសរបស់ខ្លួនតាមស្មើប្រទេសនូវចំនួនមេដាយមាស បន្ទាប់ពីក្រុមនេះបានដណ្តើមបានមេដាយមាសចុងក្រោយកាលពីថ្ងៃអាទិត្យនៃព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស ប្រទេសបារាំង ធ្វើឲ្យប្រទេសចិនមិនអាចក្លាយជាប្រទេសទទួលបាន មេដាយមាសច្រើនជាងគេចំនួន ៤០គ្រឿងឡើយយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។

អាមេរិកបានឈ្នះមេដាយសរុបចំនួន ១២៦គ្រឿង ក្នុងនោះមេដាយមាសចំនួន ៤០ គ្រឿង មេដាយប្រាក់ចំនួន ៤២ គ្រឿង និងមេដាយសំរឹទ្ធចំនួន ៤៤ គ្រឿង ប្រទេសចិនឈរនៅលេខទី ២ ឈ្នះមេដាយចំនួន ៩១ គ្រឿង រួមមានមេដាយមាសចំនួន ៤០ គ្រឿង មេដាយប្រាក់ ២៧ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៤ គ្រឿង និង ជប៉ុនជាប្រទេសជាប់លេងទី៣ ឈ្នះមេដាយមាស ២០ គ្រឿង សរុបមេដាយ៤៥គ្រឿង។


ចំណែកអូស្រ្តាលីដណ្តើមបានមេដាយចំនួន ៥៣ គ្រឿង ក្នុងនោះមេដាយមាស ១៨ គ្រឿង មេដាយប្រាក់ ១៩ គ្រឿង និងមេដាយសំរិទ្ធ ១៦ គ្រឿង ផ្ទះម្ចាស់បារាំងដណ្តើមបានមេដាយចំនួន ៦៤ គ្រឿង ក្នុងនោះមេដាយមាស ១៦ គ្រឿង មេដាយប្រាក់ ២៦ គ្រឿង និងមេដាយសំរិទ្ធ ២២ គ្រឿង ហូឡង់ដណ្តើមបានមេដាយចំនួន ៣៤ គ្រឿង ក្នុងនោះមេដាយមាស ១៥ គ្រឿង មេដាយប្រាក់ ៧ គ្រឿង និងមេដាយសំរិទ្ធ ១២ គ្រឿង និងចក្រភពអង់គ្លេសបានឈ្នះមេដាយចំនួន ៦៥ គ្រឿង ក្នុងនោះមេដាយមាស ១៤ គ្រឿង ចំណាត់ថ្នាក់ទី ៧ ។

អាមេរិកបានឈ្នះមេដាយច្រើនបំផុតក្នុងការប្រកួតកីឡារដូវក្ដៅចំនួន ៨ លើកជាប់គ្នា។ លើកចុងក្រោយ ដែលអាមេរិកបានបរាជ័យនៃការដណ្តើមបានមេដាយច្រើនជាងគេ គឺការប្រកួតកីឡាអូឡាំពិកទីក្រុងបាសេឡូណាក្នុងឆ្នាំ ១៩៩២៕

Most Popular

To Top