ភ្នំពេញ៖លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅប្រតិភូ គ្រូបង្វឹក និងកីឡាករកាយវប្បកម្មកម្ពុជា កីឡាករ ឃូ ឃាងហ៊ុយ ម្ចាស់មេដាយមាស ត្រឡប់មកដល់មាតុភូមិវិញក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅប្រទេសឥណ្ឌូណេស៊ី ។
លោក តឹក ប៊ុនវី មន្ត្រីចៅក្រមអន្តរជាតិកីឡាកាយវប្បកម្មបានមានប្រសាសន៍ថា ដ្បិតតែយើងឈ្នះមេដាយមាសក៏ដោយ ក៏នៅតែមានចំណុចខ្វះខាត ព្រោះថា យើងឈ្នះគេមែនតែឈ្នះមិនដាច់ស្រលះទេ ពោលគឺឈ្នះពិន្ទុប្រដំប្រសងប៉ុណ្ណោះ។ ដោយលោកមើលឃើញថា ទាំងសាច់ ស្មា និងដងខ្លួនពីលើដល់ក្រោមនៃតួខ្លួនរបស់គាត់នៅតែស្ទើរៗមិនទាន់ពេញល្អទេ ដូច្នេះយើងត្រូវតែបន្តប្រឹងប្រែងពង្រឹងបន្ថែមទៀត។
លោកបន្ថែមថា ទោះបីជាយ៉ាងណាក៏មិនភ្លេចដល់ក្រសួងអប់រំយុវជន និងកីឡា តែងតែអនុញ្ញាតឲ្យបានឱកាសចេញទៅប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា ដើម្បីអាចឲ្យយុវជនកម្ពុជាបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា និងបន្តអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែឆ្ពោះទៅរកភាពខ្លាំងក្លាបន្ថែមទៀត ដើម្បីអាចឈានទៅរកការដណ្ដើមយកមេដាយមាសកម្រិតពិភពលោកជូនប្រទេសជាតិឲ្យបាន។
ចំណែកលោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ក៏បានសម្ដែងការអបអរសាទរដល់ការវិលត្រឡប់របស់ក្រុមអត្តពលិកកាយវប្បកម្មកម្ពុជាបានបំពេញភារកិច្ចដ៏វិសេសវិសាល ដោយដណ្ដើមបានមេដាយមាសលើឆាកអន្តរជាតិ។ លោកសង្ឃឹមថា សហព័ន្ធកីឡាជាតិទាំងអស់ មិនថា តែសហព័ន្ធកាយវប្បកម្មទេ ពោលគឺនឹងបន្តប្រឹងប្រែងលើកិច្ចការរបស់ខ្លួនបន្ថែមទៀត ដើម្បីលើកមុខមាត់ប្រទេសលើឆាកអន្តរជាតិឲ្យបានកាន់តែច្រើន។
រីឯ កីឡាករ ឃូ ឃាងហ៊ុយ ផ្ទាល់ក៏បានសម្ដែងការសប្បាយចិត្តជាខ្លាំងក្រោយអាចបំពេញភារកិច្ចជូនប្រទេសជាតិបានលទ្ធផលគួរជាទីគាប់ចិត្ត។ ក្នុងការបំពាក់មេដាយ និងការឈរគោរពភ្លេងជាតិកម្ពុជាគេបានហូរទឹកភ្នែក ព្រោះតែអារម្មណ៍រំភើបក្រៃលែង។ ជយលាភីកម្រិតជើងឯកអាស៊ីលើកនេះធ្វើលោក កាន់តែមានទំនុកចិត្តក្នុងការឆ្ពោះទៅរកការដណ្ដើមយកមេដាយមាសបន្ថែមទៀតក្នុងព្រឹត្តិការណ៍ពិភពលោក ដែលនឹងមកដល់នាខែវិច្ឆិកាឆ្នាំ២០២៤ នាប្រទេសកូរ៉េខាងត្បូងខាងមុខនេះ៕
ដោយ៖លី ភីលីព