ខ្សែបម្រើប្រយុទ្ធស្លាបរបស់តោខៀវ Chelsea គឺកីឡាករ Cole Palmer បានសម្រេចពង្រីកវិសាលភាពកុងត្រារបស់ខ្លួនរហូតដល់ឆ្នាំ២០៣៣ បន្ទាប់ពីក្លឹបយល់ឃើញថា ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនឹងអាចមានសក្ដានុពលខ្លាំងសម្រាប់ក្រុម។
បើគិតទៅវាមានរយៈពេលវែង រហូតដល់ទៅ៩ឆ្នាំ សម្រាប់កុងត្រារបស់ Palmer ជាមួយ Chelsea ។ កីឡាករវ័យ២២ឆ្នាំរកបានរហូតដល់ទៅ២៥គ្រាប់ និង Assists បាន១៥លើក ក្នុងការបង្ហាញខ្លួនលើទីលានសរុប៤៥លើកគិតចាប់ពីពេលផ្ទេរពី Manchester City មកកាន់ Chelsea ក្នុងតម្លៃ ៤២,៥លានផោន កាលពីរដូវកាលមុនមកដល់បច្ចុប្បន្ន។
កុងត្រាដែលបន្តនេះតោខៀវបានសំឡឹងឃើញតាំងពីពេលដែល Palmer បានស៊ុតបញ្ចូលអេស្ប៉ាញក្នុងការប្រកួតផ្ដាច់ព្រ័ត្រ EURO 2024 ដែលចាញ់២-១នោះមកម្ល៉េះ គ្រាន់តែឱកាសមិនទាន់មកដល់តែប៉ុណ្ណោះ ។
សូមបញ្ជាក់ថា Palmer ក៏បានជាប់ក្នុងបញ្ជី PFA Player និង Young Player of the Year ដែលព្រឹត្តិការណ៍នេះនឹងប្រកាសលទ្ធផលនាសប្ដាហ៍បន្ទាប់។ ជាមួយគ្នានោះគេក៏បានជាប់ជាកីឡាករវ័យក្មេងលេងល្អប្រចាំ Premier League រដូវកាល ២០២៣-២០២៤ផងដែរ៕