តូក្យូ៖យោងតាមការចេញ ផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមកីឡាអូឡាំពិកជប៉ុន ភាគច្រើនបានត្រឡប់មកពីទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ហើយទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅពីអ្នកគាំទ្រ រាប់រយនាក់នៅព្រលានយន្តហោះ Narita នៅខេត្ត Chiba ប្រទេសជប៉ុន ។
សារព័ត៌មាន Kyodo News បានរាយការណ៍ថា អត្តពលិកជាច្រើននាក់ ដែលឈ្នះមេដាយបានពាក់មេដាយ នៅជុំវិញករបស់ពួកគេ នៅពេលពួកគេឈានជើង ចូលប្រទេសខ្លួន ។ ប្រទេសជប៉ុនបានឈ្នះមេដាយចំនួន ៤៥ រួមមានមេដាយមាស ២០ គ្រឿង មេដាយប្រាក់ ១២ គ្រឿង និងមេដាយសំរឹទ្ធ ១៣ គ្រឿងជាចំនួនខ្ពស់បំផុតទី ២មិនធ្លាប់មាន បន្ទាប់ពីអូឡាំពិកទីក្រុងតូក្យូកាលពី ៣ ឆ្នាំមុន។
ម្ចាស់មេដាយបានជួបលោកនាយករដ្ឋមន្ត្រី Fumio Kishida នៅថ្ងៃបន្ទាប់នៅការិយាល័យរបស់លោក។ នាយករដ្ឋមន្ត្រី Fumio Kishida បានមានប្រសាសន៍ថា ក្រុមកីឡាករ- កីឡាការិនីជប៉ុនប្រឈមមុខនឹងបញ្ហាច្រើន ហើយពួកគេនៅតែបំផុសគំនិតរួមគ្នា ក្នុងការប្រកួតដើម្បីដណ្តើមមេដាយជាតិ ។ សម្រាប់រឿងនោះ ខ្ញុំពិតជាដឹងគុណមែន៕