ភ្នំពេញ៖អ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក បាននិយាយថា ក្នុងនាមជាគ្រូបង្វឹក អ្នកស្រីពិតជារំភើបយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងហ្វឹកហាត់របស់កីឡាករកាយវប្បកម្មកម្ពុជា កីឡាករ ឃូ ឃាងហ៊ុយ ដែលអាចដណ្តើមបានមេដាយមាសក្នុងការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកអាស៊ី លើកទី៥៦ (56th Asian Bodybuilding And Physique Sports Championship) នៅឥណ្ឌូណេស៊ីជូនប្រទេសជាតិ។
អ្នកស្រី អេមី សារីរ៉ុម បានលើកឡើងក្នុងឱកាសគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករកាយវប្បកម្មកម្ពុជាត្រឡប់មកដល់មាតុភូមិវិញដោយមានការអញ្ជើញទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជនតំណាងលោក ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅព្រលានយន្តហោះភ្នំពេញអន្តរជាតិ។

អ្នកស្រីបានបន្តថា កីឡាករ ឃូ ឃាងហ៊ុយ ម្ចាស់មេដាយមាសការប្រកួតជើងឯកអាស៊ីនេះ ធ្លាប់ទទួលបានមេដាយសំរិទ្ធនៃការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកពិភពលោកនៅប្រទេសកូរ៉េខាងកាលឆ្នាំ ២០២៣ កន្លងមក។ មុនចូលរួមការប្រកួតកីឡាកររូបបានយកចិត្តទុកដាក់ការហ្វឹកហាត់យ៉ាងសកម្មក្នុងការត្រៀមខ្លួនប្រកួតជាមួយនឹងកីឡាករបរទេស ដូច្នេះការខិតខំប្រឹងប្រែងរបស់កីឡាកររូបនេះធ្វើឲ្យរូបគេទទួលបានជោគជ័យ គឺទទួលបានមេដាយមាស។

អ្នកស្រី អេមី សារីរ៉ុម បន្ថែមថា ទោះបីជាយ៉ាងណាក៏មិនភ្លេចដល់ក្រសួងអប់រំយុវជន និងកីឡា តែងតែអនុញ្ញាតឲ្យបានឱកាសចេញទៅប្រកួតព្រឹត្តិការណ៍អន្តរជាតិនានា ដើម្បីអាចឲ្យយុវជនកម្ពុជាបានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ។ លោកមានការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា និងបន្តអភិវឌ្ឍន៍វិស័យកីឡាមួយនេះឲ្យកាន់តែឆ្ពោះទៅរកភាពខ្លាំងក្លាបន្ថែមទៀត ដើម្បីអាចឈានទៅរកការដណ្ដើមយកមេដាយមាសកម្រិតពិភពលោកជូនប្រទេសជាតិឲ្យបាន។

បញ្ជាក់ថា ក្រុមអត្តពលិកកម្ពុជាមាន ៤ រូបគឺលោក តឹក ប៊ុនវី តួនាទីជាប្រធានប្រតិភូ និងជាចៅក្រមអ្នកស្រី អេមី សារីរ៉ុម គ្រូបង្វឹក និងកីឡាករ ឃូ ឃាងហ៊ុយ ខណៈកីឡាករ ស្រ៊ិន រាជ្យ ដែលដើមឡើយគ្រោងទៅចូលរួមដែរនោះត្រូវដកខ្លួនវិញដោយសារតែមានបញ្ហាសុខភាព (មានជំងឺគ្រុនពោះវៀន)៕
ដោយ៖លី ភីលីព
