ភ្នំពេញ៖លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការតំណាងឲ្យតំណាងលោបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នេះបានអញ្ជើញមកទទួលស្វាគមន៍គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក និងអត្តពលកម្មដែលចូលរួមការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ នៅប្រទេសបារាំង កម្ពុជាបានគណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹក និងអត្តពលកម្មជាច្រើន ក្នុងនោះមានមានហែលទឹក និងអត្តពលកម្ម ។ ក្រុមកីឡាហែលទឹកមានចំនួន ៣ នាក់រួមមាន អ្នកគ្រូបង្វឹក ១ នាក់ កីឡាករ ១ នាក់ និងកីឡាការិនី ១ នាក់ ចំណែកកីឡាអត្តពលកម្ម ២ នាក់ លោកគ្រូបង្វឹក ១ នាក់ និងកីឡាករ ១ នាក់ សម្រាប់ប្រភេទ កីឡាហែលទឹក គឺអ្នកគ្រូបង្វឹក ហែម ថុនវិទីនី កីឡាករ កូសុងដឺឡាប៉ារ៉ង់ អង់ត្វ័ន ម៉ាតាំងក្លូដ និងកីឡាការិនី សាក់ប៊ុន ឣប្សរា កាតារីណា ។ ប្រភេទកីឡាអត្តពលកម្ម លោកគ្រូបង្វឹក ពុធ ប៊ុរាត្រី និងកីឡាករម្ចាស់មេដាយមាស កីឡា SEA GAME 2023 គឺកីឡាករ ឈុន ប៊ុនថន ។

លោកបណ្ឌិត ថោង ខុន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីស ២០២៤ ប្រទេសបារាំងដែលជាម្ចាស់ផ្ទះបានរៀបចំបានល្អ ហើយការប្រកួតកីឡាអូឡាំពិកគឺជាជួបជុំក្រុមអត្តពលិកមកពីបណ្តាប្រទេសជាច្រើន ហើយសំខាន់នោះក៏ជាការជួបជុំថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកគ្រប់ប្រទេស មានន័យថា ជាការជួបជុំមហាគ្រួសារកីឡាអូឡាំពិក ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមករវាងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកក្នុងចលនាអូឡាំពិក។

លោកបណ្ឌិតបានបន្តថា មួយទៀត គឺក្រុមអត្តពលិករាប់ម៉ឺននាក់ជួបជុំចែករម្លែកបទពិសោធន៍គ្នាទៅវិញទៅមកពីក្រុមអត្តពលិកប្រទេសមួយទៅក្រុមអត្តពលិកប្រទេសមួយ ក្រោមប្រធានបទ “ខ្ពស់ជាង ខ្លាំងជាង និងលឿងជាងទំាងអស់គ្នា”។ រូបលោកបានមើលឃើញថា ក្រុមកីឡាករ-កីឡាការិនីមកពីប្រទេសជាច្រើនបានចូលរួមការប្រកួតបង្ហាញនូវសកម្មភាពសាមគ្គីគ្នា និងមិត្តភាពយ៉ាងល្អ៕



