ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង ជាប្រធានគណៈកម្មការសិទ្ធមនុស្សកម្ពុជា និងក៏ជាប្រធាន សហព័ន្ធកីឡាតេក្វាន់ដូ ITF បានអញ្ជើញចូលរួមក្នុងពិធីសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌា និងពិធីប្រគល់វិញ្ញាបនបត្រដាន់អន្តរជាតិ នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡាជាតិ ។
លោក កែវ រ៉េមី បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកទ្វីបអាស៊ីនៅប្រទេសឥណ្ឌាឆ្នាំនេះ លោកមានក្តីសង្ឃឹមថា ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជានឹងអាចទទួលបានលទ្ធផលល្អ ទោះបីឆ្នាំនេះយើងមានបញ្ហាប្រឈមខ្លះ គឺកីឡាករល្អរបស់យើងមានខ្លះមិនបានចូលរួមជាក់ស្ដែងដូចលោកគ្រូ ប៉ាល់ ជីវ័ន្ត ជាម្ចាស់មេដាយមាសពិភពលោករបស់យើង។
លោកប្រធានបានបន្តថា ការប្រកួតជើងឯកទ្វីបអាស៊ីឆ្នាំនេះ លោកមើលឃើញថា កីឡាករមកពីប្រទេសខ្លាំងៗ មួយចំនួនបានចូលរួមជាគូ ប្រជែងរបស់យើងមានដូចជាកូរ៉េខាងជើង រុស្ស៊ី និង កាហ្សាក់ស្ថានជាដើម ប្រទេសទាំងអស់នេះគេខ្លាំងៗណាស់។ ទោះបីជាយ៉ាងណាខ្ញុំសូមឲ្យកីឡាករយើងប្រឹងប្រែងឲ្យបានខ្លាំងបំផុត ដើម្បីអាចយកមេដាយជូនជាតិមាតុភូមិត្រឡប់មកវិញ ។
លោក កែវ រ៉េមី ក៏បានវាយតម្លៃកម្រិតបច្ចេកទេសរបស់កីឡាករ-កីឡាការិនីទៅចូលរួមការប្រកួតព្រឹត្តិការណ៍ខាងលើនេះថា មានភាពល្អប្រសើរច្រើនបើធៀបជាមួយហ្នឹងមួយរយៈពេលមុន។ ទន្ទឹមនឹងការរីកចម្រើនធ្វើឲ្យលោកក្នុងនាមប្រធាន និងក្រុមការងារមានក្ដីសង្ឃឹមច្រើន និងទំនុកចិត្តក្នុងការ ទទួលបានមេដាយទៅលើប្រទេសវិញ្ញាសាមួយចំនួន មានដូចជាវិញ្ញាសាការការពារខ្លួនបុរស-ស្រ្តី និងប្រយុទ្ធកម្រិតទម្ងន់ស្រាលជាដើម ។
លោកសូមថ្លែងអរគុណ ដល់ក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងគោជល់ ដែលបានឧបត្ថម្ភកាតាប និងក្រុមហ៊ុនដៃឯក ដែលបានឧបត្ថម្ភឯកសណ្ឋានកីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ ITF កម្ពុជា ។
គួរបញ្ជាក់ថា ជម្រើសជាតិតេក្វាន់ដូ ITF បានបញ្ជូនកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ជ្រើសរើសជើងឯកអាស៊ីលើកទី១០នេះ មានចំនួន២៧រូបក្នុងនោះប្រធានប្រតិភូ មន្រ្តីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីផងដែរ។ ក្រុមអត្តពលិកនឹងចេញដំណើរនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ រួចនឹងត្រឡប់មកកម្ពុជាវិញថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ៕