ខេត្តសៀមរាប ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាតំណាងលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងឱកាសកម្មការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិក ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ។

ក្នុងឱកាសនោះក៏មានការអញ្ជើញ ចូលរួមពីសំណាក់លោក លី សារី អភិបាលរងនៃគណៈអភិបាលខេត្ត សៀមរាប និងលោក អ៊ុង វុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្ត និងប្រធានអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តកំពង់ធំ ដែលមានប្រតិភូកីឡាខេត្តកំពង់ធំ និងខេត្តសៀមរាប សរុបប្រមាណ ១៨៧នាក់ នៅពហុកីឡដ្ឋានខេត្តសៀមរាប។ កីឡាអត្តពលកម្ម ៖ ៥០ និង ១០០ ម៉ែត្រ បុរស – នារី កីឡាបាល់ទាត់យូនីហ្វាយ ៖ បុរស និងនារី ៥ នាក់ម្ខាង និង កីឡាប៊ូលយូនីហ្វាយ ៖ ១នាក់ ទល់ ១នាក់, ២ នាក់ទល់ ២ នាក់ និង ៣ នាក់ទល់ ៣នាក់ ។

លោក លី សារី បានមានប្រសាសន៍ថា ការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ ខេត្តប្រចាំឆ្នាំ២០២៤ និងកម្មវិធី ត្រួតពិនិត្យ សុខភាពកីឡាករ កីឡាការិនី បញ្ញាខ្សោយ ក្នុងគោលបំណងគឺ ផ្ដល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី ខ្សោយសតិបញ្ញា ថ្នាក់ភូមិ ឃុំ ស្រុក ខេត្តបានជួបជុំគ្នា ធ្វើការប្រកួតប្រជែង ដើម្បីចែករំលែក បទពិសោធន៍ ភាពសប្បាយរីករាយ ពីគ្នាទៅវិញទៅមក លើកកំពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ពីការរើសអើងផ្សេងៗនៅក្នុងសង្គម ។
លើសពីនេះទៀតនោះ ការប្រកួតមិនមែនដើម្បីតែជ័យជំនះម៉្យាងនោះទេ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងផ្តល់ឱកាសចូលរួមសកម្មភាពក្នុងសង្គមតាមរយៈវិស័យកីឡា ស្របតាមចលនាស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់ពិភពលោក ។ ជាពិសេស ការប្រកួតនេះ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើម ទៅចូលរួមការប្រកួតកីឡា ស្ប៉េស្យាល់អូឡាំពិកថ្នាក់ជាតិ នាចុងខែវិច្ឆិកា ខាងមុខផងដែរ ។

លោក សែម សុខា ក៏បានមានប្រសាសន៍ថា ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹង ប្រែងរបស់គណៈកម្មាធិកាជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការស្ប៉េស្យាល់ អូឡាំពិកខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួម និងរៀបចំកកម្មវិធីនេះ ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ជានិច្ចកាលគណៈកម្មាធិការ ជាតិស្ប៉េ ស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនា កីឡាស្ប៉េស្យាល់ អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាល មន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព និងធ្វើការហ្វឹកហាត់ ក្នុងគោលបំណងផ្តល់ ឱកាសដល់ជនពិការខ្សោយ សតិបញ្ញាបានចូលរួមក្នុងសកម្មភាពសង្គម តាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់ ។
ម៉្យាងវិញទៀត ខ្ញុំសូមចាត់ ទុកកម្មវិធីនេះ ជាឱកាសដ៏ល្អមួយក្នុងការជួបជុំគ្នា ដើម្បីបានយល់ដឹង និងជ្រួតជ្រាបបន្ថែម ពីចលនាកីឡាស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ដែលបាននឹងកំពុងអនុវត្ត សកម្មភាពការងារ ពីដំណាក់មួយ ទៅដំណាក់កាលមួយ ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិក រាជធានី ខេត្ត ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយ ដល់ជនពិការខ្សោយ សតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់ បានហ្វឹកហាត់ និង ចូលរួមការប្រកួតនានា ដូចដែល គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា បានរៀបចំ តាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុត របស់កីឡាករ-កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញ លើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា ៕



