ភ្នំពេញ ៖ លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នេះបានដឹកនាំក្រុមគណៈប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជា ចំនួន៧ នាក់ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាឡើងភ្នំ ជ្រើសរើសជើងឯកយុវជន ពិភពលោកឆ្នាំ២០២៤ (IFSC Youth World Championships 2024) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាមានិតចិន ។

លោក ឡាំង អូណា បានមានប្រសាសន៍ នៅអាកាសយន្តអន្តរជាតិភ្នំពេញថា ថ្ងៃនេះសហព័ន្ធ បានបញ្ជូនក្រុមគណៈប្រតិភូ អគ្គលេខាធិការ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជា ចំនួន៧នាក់ ក្នុងនោះមានកីឡាករ ២ នាក់ និងកីឡាការិនី ២ នាក់ទៅចូលរួម IFSC Youth World Championships 2024 នៅសាធារណរដ្ឋប្រជាមានិតចិន ដែលជាព្រឹត្តិការណ៍ យុវជនស្ថិតក្រោមអាយុ ២០ ឆ្នាំ ។

លោកប្រធានបានបន្តថា ការប្រកួតកម្រិតពិភពលោកបែបនេះជាលើកទី២ហើយ សម្រាប់សហព័ន្ធ ហើយកាលលើកទី១ប្រព្រឹត្តិទៅនៅប្រទេសអ៊ីលីតា នាឆ្នាំ២០២៣ មានក្រុមអត្តពលិកតែ ២ នាក់។ ការប្រកួតនៅប្រទេសចិនលើកនេះ សហព័ន្ធអាចបញ្ជូនកីឡាករ-កីឡាការិនីឡើងភ្នំកម្ពុជា ៤ នាក់ ដោយសារសហព័ន្ធទទួលបានការឧបត្ថម្ភពីបណ្តាលអ្នកគាំទ្រ និង ថ្នាក់ដឹកនាំ ទើបធ្វើឲ្យសហព័ន្ធមានលទ្ធភាពបញ្ជូនក្រុមអត្តពលិកបានច្រើននាក់។
សព្វថ្ងៃនេះសហព័ន្ធក៏បានទទួលថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡាដែលជាផ្នែកមួយក្នុងការជួយអភិឌ្ឍនវិស័យកីឡាឡើងកម្ពុជាដែរ។ ការអភិឌ្ឍន៍ក្រុមកីឡាករ-កីឡាការិនីថ្នាលនេះ លោកត្រូវការច្រើន ទំាងថវិកា និងពេលវេលា ដែលជារួមចំណែកដ៏សំខាន់ របស់សហព័ន្ធនាពេលបច្ចុប្បន្ននេះ។

លោក ឡាំង អូណា បានបញ្ជាក់ថា ការប្រកួតលើកនេះជាកម្រិតពិភពលោក ទោះបីលោកដឹងថា កម្រិតបច្ចេកទេសនៅឆ្ងាយពីក្រុមអត្តពលិកក៏ពិតមែន ប៉ុន្តែក្រុមអត្តពលិកឡើងភ្នំកម្ពុជានឹងព្យាយាមប្រកួតឲ្យអស់ពីសមត្ថភាព ហើយអ្វីដែលសំខាន់បំផុត គឺត្រៀមខ្លួនការប្រកួតកីឡា SEA GAMES 2025 នៅប្រទេសថៃ។ សម្រាប់គោលដៅធំបំផុត របស់សហព័ន្ធនោះ គឺចង់ឲ្យក្រុមអត្តពលិកឡើង ភ្នំកម្ពុជា ឆ្លងកាត់ប្រកួតកម្រិតអន្តរជាតិឲ្យបានច្រើន ដើម្បីទទួលយកបទសោធន៍ និងជាការស្ទាប់ស្ទង់សមត្ថភាព ខ្លួនឯងទៀតផង ៕
ដោយ៖លី ភីលីព



